សម្ដេចធិបតី៖ «ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរមានគោលបំណងតែមួយ គឺការពារជាតិ និងបូរណភាពទឹកដី»
S
Soriya Sou
20 កក្កដា 2025 03:33 AM

រាជធានីភ្នំពេញ៖ «ខ្មែរសាមគ្គី​ ខ្មែរខ្លាំង​ ខ្មែរតែមួយ​ក្រោមទង់ជាតិតែមួយ​ គោលបំណងតែមួយ ​គឺការពារជាតិ​ ការពារបូរណភាពទឹកដី​ ទោះក្នុងតម្លៃណាក៏ដោយ»។ នេះជាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្របពេលកម្ពុជាបានប្រារព្ធកម្មវិធី «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី១៩កក្កដាម្សិលមិញ...។

ទិដ្ឋភាពក្នុងកម្មវិធី តស់! យើងរួមគ្នារួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី១៩កក្កដាម្សិលមិញ។
ទិដ្ឋភាពក្នុងកម្មវិធី តស់! យើងរួមគ្នារួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី១៩កក្កដាម្សិលមិញ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២០កក្កដានេះថា សំឡេងតែមួយ​ ទឹកចិត្តតែមួយ​ ឆន្ទ:តែមួយមហាសាមគ្គី ផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល​ ជាពិសេស វីរកងទ័ពជួរមុខ។ ស្របពេលបច្ចុប្បន្ន ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មិនទាន់ធូរស្រាល មានតែតានតឹងទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែភាគីថៃព្យាយាមប្រតិដ្ឋរឿងចោទប្រកាន់កម្ពុជាមិនលស់ថ្ងៃ សម្ដេចធិបតី បានថ្លែងប្រាប់ដល់ពលរដ្ឋកម្ពុជាថា «ខ្មែរសាមគ្គី​ ខ្មែរខ្លាំង​ ខ្មែរតែមួយ​ ក្រោមទង់ជាតិតែមួយ​ គោលបំណងតែមួយ​គឺការពារជាតិ​ ការពារបូរណភាពទឹកដី​ ទោះក្នុងតម្លៃណាក៏ដោយ»។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

សម្ដេចនាយករដ្ឋមន្រ្តី បានអរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរក្នុងកម្មវិធី «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» នៅថ្ងៃទី១៩កក្កដាម្សិលមិញ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨មិថុនាកន្លងទៅ។ សម្ដេចថា នេះជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។ ជុំវិញបញ្ហាព្រំដែនជាមួយថៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីបានបញ្ជាក់គោលជំហរជាថ្មី ថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ៖​ ១.យន្តការបច្ចេកទេសទ្វេភាគី​ ដោយគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) និង​២.យន្តការច្បាប់អន្តរជាតិ​ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកម្មវិធី តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកម្មវិធី តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ។

«ប៉ុន្តែ..កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងករណីដែលមានការរំលោភបំពានដោយគឃ្លើន លើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ»។ សម្ដេចក៏បានជូនពរ និងអរគុណដល់កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជាទាំងអស់ ទាំងខ្សែត្រៀម និងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់។ «បងប្អូនកងកម្លាំងប្រដាប់អាវុធត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត