
រដ្ឋធានីសេអ៊ូល៖ ក្រសួងសុវត្ថិភាពកូរ៉េខាងត្បូងបានអះអាងថា មនុស្ស៤នាក់បានស្លាប់ និងជាង១ពាន់នាក់ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព បន្ទាប់ពីប្រទេសនេះត្រូវបានវាយប្រហារយ៉ាងដំណំដោយសារភ្លៀងធ្លាក់ខ្លាំងដូចបាក់មេឃ។ ទន្ទឹមនឹងចំនួនអ្នកស្លាប់ដោយសារខ្យល់មូសុងនាំទឹកភ្លៀងធ្លាក់ដូចបាក់មេឃ បានសម្លាប់មនុស្សរហូតដល់៦៣នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះនៅឯប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ទី១៧កក្កដា។

អ្នកបើកបរម្នាក់បានស្លាប់ បន្ទាប់ពីជញ្ជាំងផ្លូវកម្ពស់១០ម៉ែត្របានដួលរលំសង្កត់ពីលើរថយន្ត។ មនុស្សម្នាក់ទៀត ត្រូវបានអស់ដង្ហើមនៅក្នុងរថយន្តលិចទឹកក្នុងក្រុងសេអូសាន (Seosan) ខេត្តឆុងឈឹង (Chungcheong) ភាគខាងត្បូង។ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង បានលើកឡើងថា ភ្លៀងកំពុងបង្អុរចុះយ៉ាងគំហុក ខណៈការរអិលបាក់ស្រុតដី កំពុងស្ថិតក្នុងកម្រិតព្រមានខ្ពស់បំផុតសម្រាប់តំបន់មួយចំនួន រួមទាំងតំបន់ឆុងឈឹង ហើយភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់ដូចហែកមេឃ។ នេះបើយោងតាមមន្ត្រីសេវាព្រៃឈើកូរ៉េខាងត្បូង ទម្លាយចេញ។

ចំណែកនៅទីក្រុងជីវ៉ាន់ជូ (Gwangju) ផ្លូវចំនួន៨៧ខ្សែ និងអគារចំនួន៣៨ខ្នង ត្រូវបានលិចទឹកក្នុងរយៈពេលប្រហែលពីរម៉ោង បន្ទាប់ពីការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងត្រូវបានជូនដំណឹង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។ ជាមួយគ្នានេះ ក្រសួងអប់រំបានអះអាងថា សាលារៀនចំនួន៤០៣ខ្នងត្រូវបានបិទទ្វារ ហើយសាលាចំនួន១៦៦ខ្នងផ្សេងទៀត បានរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ ដោយសារភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ទី១៧កក្កដា។

ដោយឡែក នៅឯប្រទេសប៉ាគីស្ថានឯណោះវិញ មន្ត្រីបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១៧កក្កដាថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងខេត្តប៉ុនចាប់ (Punjab) បានសម្លាប់មនុស្សយ៉ាងហោចណាស់៦៣នាក់ និងរបួសជិត៣០០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសកើនឡើងដល់យ៉ាងហោចណាស់១៥៩នាក់ ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០២៥ ហើយផ្ទះជាង១ពាន់ខ្នងបានខូចខាត៕



