
រាជធានីភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី១៦កក្កដានេះ បានចេញសេចក្តីណែនាំដល់កាស៊ីណូស្របច្បាប់ទាំងអស់ ហាមដាច់ខាតមិនឱ្យមានករណីចាប់ជំរិត ជួញដូរមនុស្ស អាវុធ និងគ្រឿងញៀន…។

គណៈកម្មការគ្រប់គ្រងល្បែង គូសបញ្ជាក់ថា ដើម្បីធានាថា ប្រតិបត្តិការកាស៊ីណូអាចប្រព្រឹត្តទៅបានស្របតាមច្បាប់ សូមណែនាំដល់ម្ចាស់កាស៊ីណូទាំងអស់ ចៀសវាងដាច់ខាតរាល់សកម្មភាពចាប់ជំរិតនៅក្នុងកាស៊ីណូ សកម្មភាពជួញដូរមនុស្ស, សកម្មភាពជួញដូរអាវុធ, សកម្មភាពជួញដូរគ្រឿងញៀន និងសកម្មភាពកសាងកម្លាំងសន្តិសុខខុសច្បាប់នៅក្នុងកាស៊ីណូ ព្រមទាំងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។ គណៈកម្មការគ្រប់គ្រងល្បែង សង្កត់ធ្ងន់ថា ករណីរកឃើញថា ម្ចាស់កាស៊ីណូណាមួយមិនអនុវត្តតាមសេចក្តីណែនាំ នឹងត្រូវប្រឈមការព្យួរ ឬដកហូតអាជ្ញាបណ្ណ និងចាត់ការតាមផ្លូវច្បាប់គ្មានការលើកលែងទ្បើយ។ គណៈកម្មការគ្រប់គ្រងល្បែង សង្ឃឹមថា ម្ចាស់កាស៊ីណូទាំងអស់ យកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

សូមរំឭកថា កាលពីថ្ងៃទី១៥កក្កដាម្សិលមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាដល់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដើម្បីបង្ការក៏ដូចជាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕



