
រាជធានីបាងកក៖ ថៃបានស្នើលក្ខខណ្ឌយ៉ាងតឹងរ៉ឹងនៃការចូលលេងល្បែងក្នុងកាស៊ីណូសម្រាប់ប្រជាជនខ្លួន ខណៈប្រទេសនេះគ្រោងនឹងសាងសង់ឧស្សាហកម្មល្បែងស៊ីសងជំរុញវិស័យទេសចរណ៍ និងបង្កើនកំណើនសេដ្ឋកិច្ចបន្ថែម។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ថ្មីមួយ ចេញផ្សាយកាលពីថ្ងៃចន្ទទី១៧ ខែកុម្ភៈ...។

ប្រជាជនថៃត្រូវតែមានប្រាក់បញ្ញើមានកាលកំណត់យ៉ាងហោចណាស់៥០លានបាត ឬស្មើនឹង១,៥លានដុល្លារសម្រាប់រយៈពេល៦ខែ ដើម្បីចូលលេងល្បែងកាស៊ីណូ។ នេះបើយោងតាមសេចក្តីព្រាងបទប្បញ្ញត្តិដែលចេញផ្សាយដោយការិយាល័យក្រុមប្រឹក្សារដ្ឋ។ លក្ខខណ្ឌមួយទៀត គឺប្រជាជនថៃត្រូវបង់ប្រាក់៥ពាន់បាត ដើម្បីចូលលេងកាស៊ីណូ។ របាយការណ៍របស់ធនាគារ Citi កាលពីចុងឆ្នាំមុនបានប៉ាន់ប្រមាណថា ប្រហែលពាក់កណ្តាលនៃមនុស្សមានវ័យ២០ឆ្នាំ និងច្រើនជាងនេះ នៅក្នុងប្រទេសថៃ អាចជាអ្នកលេងល្បែងក្នុងកាស៊ីណូ ដែលផ្តល់មូលដ្ឋានសម្រាប់ប្រទេសនេះក្លាយជាគោលដៅលេងល្បែងធំបំផុតទីបីរបស់ពិភពលោក។ អ្នកជំនាញលើកឡើងថា ថ្លៃចូលលេងរហូតដល់៥ពាន់បាត នឹងរឹតត្បិតការចូលលេងកាស៊ីណូ ចំពោះជនវណ្ណៈកណ្តាល និងបុគ្គលដែលមានទ្រព្យសម្បត្តិនៅប្រទេសថៃ។

សវនាការជាសាធារណៈថ្មីៗសម្រាប់សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១៥ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនា។ បន្ទាប់មកសេចក្តីព្រាងច្បាប់ ត្រូវតែត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី មុនពេលបញ្ជូនទៅសភាដើម្បីពិភាក្សា។ ថៃអនុញ្ញាតឱ្យមានការលេងល្បែងស៊ីសងដូចជាការប្រណាំងសេះគ្រប់គ្រងដោយរដ្ឋ, ការចាប់ឆ្នោត និងការភ្នាល់លើកីឡាមួយចំនួនដូចជាប្រដាល់ជាដើម។ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានធ្វើឱ្យកាស៊ីណូស្របច្បាប់ ប៉ុន្តែមានតែប្រទេសអ្នកមានមួយចំនួន ដូចជាសិង្ហបុរី ដែលទទួលបានជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុនយក្សទូទាំងពិភពលោកដូចជា Las Vegas Sands Corp នៅពីក្រោយបទប្បញ្ញត្តិដ៏រឹងមាំ។ រាជរដ្ឋាភិបាលថៃ ដឹកនាំដោយគណបក្សភឿថៃ សង្ឃឹមថា នឹងទាក់ទាញការវិនិយោគថ្មីយ៉ាងហោចណាស់៣ពាន់លានដុល្លារ សម្រាប់ការជំរុញប្រចាំឆ្នាំដោយភ្ញៀវបរទេសកើនឡើងពី៥ភាគរយទៅ១០ភាគរយ និងបង្កើតប្រាក់ចំណូលជាង១២ពាន់លានបាតក្នុងមួយឆ្នាំ។

ការរឹតត្បិតមួយទៀត គឺថាអគារកាស៊ីណូអាចសងសង់ត្រឹមតែ១០ភាគរយនៃទំហំផ្ទៃដីសាងសង់មជ្ឈមណ្ឌលកម្សាន្តទាំងមូល។ វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ នៅឆ្នាំនេះ រាជរដ្ឋាភិបាលថៃរំពឹងថា នឹងទទួលបានភ្ញៀវបរទេសចំនួន៣៨លាននាក់។ ប៉ុន្តែការស្ទង់មតិកាលពីខែមុនបានរកឃើញថា ប្រជាជនថៃភាគច្រើនប្រឆាំងនឹងផែនការកាស៊ីណូ ហើយគណបក្សនយោបាយមួយចំនួនបានប្រកែកថា ការកសាងឧស្សាហកម្មល្បែង នឹងធ្វើឱ្យបញ្ហាសង្គមកាន់តែអាក្រក់ទៅៗ៕



