រាជធានីភ្នំពេញ៖ ឥទ្ធិពលព្យុះទី៥ ឈ្មោះ «ណារី» បន្តជះឥទ្ធិពលមកលើកម្ពុជា បណ្ដាលឱ្យខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ បូករួមជាមួយខ្យល់កន្រ្តាក់រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥...។

តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី៥នេះ មិនមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជាទេ ប៉ុន្តែយ៉ាងណា ព្យុះនេះក៏នឹងបណ្ដាលឱ្យខេត្តមួយចំនួនបន្តមានភ្លៀងធ្លាក់ដែរ។ ក្នុងនោះ នៅតំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។

ចំណែក ខេត្តនានានៅតំបន់ខ្ពង់រាប ដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ ក៏អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ រីឯ តំបន់មាត់សមុទ្ទវិញ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី ហើយរលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
