រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥សីហា ឆ្នាំ២០២៥ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស ពី១៥ទៅ២៥ភាគរយ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣សីហានេះ…។

បើតាមក្រសួងធនធានទឹក មូលហេតុដែលធ្វើឱ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ ដោយសាររងឥទ្ធិពលពីព្យុះទី១១ឈ្មោះ «ផដួល Podul» T២៥១១ ក្នុងឆ្នាំ២០២៥ ប៉ុន្តែមិនខ្លាំងនោះទេ។ ឥទ្ធិពលពីព្យុះ «ផដួល» នឹងធ្វើឱ្យតំបន់វាលទំនាប៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, កណ្តាល, តាកែវ, ស្វាយរៀង, និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

ចំណែក តំបន់ខ្ពង់រាប៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម៤ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្ទ៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប, និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១ម៉ែត្រកន្លះ។

ស្របពេលស្ថានភាពធាតុអាកាសមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នក្រែងមានគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងជាយថាហេតុ៕
