
រាជធានីភ្នំពេញ៖ លោក ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភាកម្ពុជា មើលឃើញថា ជម្លោះរវាងកម្ពុជា-ថៃ មិនមែនជាជម្លោះធំដុំឡើយ ហើយប្រទេសជាប់របងទាំង២នេះ នឹងអាចដោះស្រាយបញ្ហាជាមួយគ្នាបាន ក្នុងពេលខាងមុខឆាប់ៗនេះ។ ចូលរួមធ្វើជាអធិបតីរួមគ្នាជាមួយលោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា ក្នុងពិធីបិទកិច្ចប្រជុំអាយប៉ា (AIPA) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ធន់ វឌ្ឍនា ថ្លែងជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា៖«ការបេ្តជ្ញាចិត្តខ្លាំងទាំងសងខាង និងក្រោមស្មារតីអាស៊ាន យើងនឹងអាចដោះស្រាយបញ្ហា ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពរវាងកម្ពុជា-ថៃ រួមទាំងប្រទេសក្នុងតំបន់អាស៊ាន»។ រំពេចនោះ អ្នកចូលទាំងអស់ក៏នាំគ្នាទះដៃ។

គណៈប្រតិភូសភាថៃ ក៏មានវត្តមានដែរ ដែលដឹកនាំដោយលោកស្រី ភីយ៉ារ៉ាត់ ធីយ៉ាភេរ៉ាត់ (Piyarat Tiyapairat) ជាសមាជិកសភាខាងគណបក្សភឿថៃ ជាគណបក្សកាន់អំណាច។ គណៈប្រតិភូសភាពីបណ្តាប្រទេសអាស៊ាន រួមទាំងតំណាងពីបណ្តាប្រទេសផ្សេងទៀតនៅក្រៅតំបន់អាស៊ាន សរុបទាំងអស់ជិត៣០០នាក់ បានមកចូលរួមប្រជុំអាយប៉ានៅកម្ពុជា ដែលចាប់ផ្តើមតាំងពីថ្ងៃទី១៤កក្កដាមក។ កិច្ចប្រជុំអាយប៉ា គឺជាកិច្ចប្រជុំអន្តរសភាអាស៊ាន។

ក្នុងពិធីបិទកិច្ចប្រជុំនេះ លោក ធន់ វឌ្ឍនា គូសរំលេចថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ គឺស្មុគស្មាញខ្លាំង ហើយពិតជាពិបាកចៀសផុតពីការមានជម្លោះព្រំដែនជាមួយគ្នា ក៏ប៉ុន្តែ ក្រោមស្មារតីអាស៊ាន ប្រទេសទាំង២ គួរសន្ទនាដោយការគោរពគ្នា និងត្រូវស្វែងរកដោះស្រាយប្រកបដោយសន្តិភាព តាមរយៈការប្រើច្បាប់អន្តរជាតិ។ ផ្អែកតាមស្មារតី ឬគោលការណ៍ទាំងនេះ លោក ជឿជាក់យ៉ាងមុតមាំថា មិនថាកម្ពុជា-ថៃនោះទេ ប្រទេសផ្សេងទៀត ក៏អាចស្វែងរកផ្លូវដោះស្រាយជាមួយគ្នាបានដែរ។ ឥស្សរជនក្នុងស្ថាប័ននីតិបញ្ញត្តិកម្ពុជារូបនេះ បន្ថែមថា កម្ពុជា-ថៃ ធ្លាប់ប៉ះទង្គិចគ្នារួចមកហើយ ដូច្នេះសង្ឃឹមថា នឹងមិនបន្តប៉ះទង្គិចគ្នាទៀតនោះទេ។

គួររម្លឹកថា កម្ពុជា-ថៃ កើតជម្លោះជាមួយគ្នាសាជាថ្មី បន្ទាប់ពីមានការផ្ទុះអាវុធរវាងកងទ័ពប្រទេសទាំង២ ដែលឈរជើងនៅតំបន់មុំបី កាលពីព្រឹកថ្ងៃទី២៨ឧសភា។ កងទ័ពកម្ពុជាម្នាក់ បាត់បង់ជីវិតក្នុងហេតុការណ៍នេះ។ បន្ទាប់មក កម្ពុជា ក៏យកតំបន់មុំបីនេះ រួមទាំងប្រាសាទ៣ទៀត គឺ តាមាន់តូច តាមាន់ធំ និងតាក្របី ដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យជួយដោះស្រាយ។ ស្ថានការណ៍ប្រទេសទាំង២ ចេះតែល្អកកករទៅៗ រហូតដល់ភាគីថៃ សម្រេចបិទព្រំដែនមុន ហើយកម្ពុជាក៏បិទតាមក្រោយ ហើយមកដល់ពេលនេះ មិនទាន់បើកវិញនោះទេ៕



