មន្ត្រីជំនាញ​ឆ្មក់ចុះពិនិត្យតាមផ្លូវជាតិលេខ៥ ឃាត់រថយន្តដឹកខ្សាច់លើសទម្ងន់៣គ្រឿង
អុន សម្ផស្ស
15 កក្កដា 2025 02:11 AM

ក្រុងពោធិ៍សាត់៖ ក្រុមការងារត្រួតពិនិត្យចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ត្រីតំបន់ស្ថានីយជញ្ជីងអចល័តឃ្លាំងមឿង ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់លើផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ២០២ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយឃាត់បានរថយន្តដឹកខ្សាច់លើសទម្ងន់៣គ្រឿងកាលពីចុងសប្តាហ៍កន្លទៅថ្មីៗនេះ។

ក្នុងប្រតិបត្តិចុះបង្ក្រាប កាលពីថ្ងៃទី១៣កក្កដា ឆ្នាំ២០២៥ មន្ត្រីជំនាញត្រួតពិនិត្យយានយន្តសរុបចំនួន៦គ្រឿង រកឃើញរថយន្ត៣គ្រឿង ផ្ទុកទម្ងន់ចន្លោះពី៤៧ ដល់៧២តោន ដោយលើសទម្ងន់កំណត់ចន្លោះពី២២ ដល់២៧តោន ហើយត្រូវបានពិន័យ។ ចំពោះមុខការឃាត់នេះ ក្រសួងសាធារណការ អះអាងថា៖«ក្រុមការងារត្រួតពិនិត្យយានយន្តចល័តចម្រុះ នៅតែបន្តយុទ្ធនាការឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង»។ គួរកត់សម្គាល់ថា ត្រឹមឆមាសទី១នៃឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា ដល់ខែមិថុនា មន្រ្តីជំនាញនៃក្រសួងសាធារណការ បានចុះត្រួតពិនិត្យរថយន្តសរុបជាង១,៦លានគ្រឿង ហើយរកឃើញដឹកលើសទម្ងន់កំណត់ប្រមាណជាង៤០ម៉ឺនគ្រឿង។  

សូមជម្រាបថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​តាមប្រភេទយានយន្តត្រូវបានក្រសួងកំណត់ រួមមាន៖ យានយន្ត២ភ្លៅ អនុញ្ញាតឱ្យដឹកបាន​ទម្ងន់​១៦តោន។ យានយន្តសណ្តោងរ៉ឺម៉ក ​ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមាន៦ភ្លៅ​ឡើងទៅ​ អាចដឹកបានទម្ងន់កំណត់​៤៥តោន។ ចំពោះរថយន្តដែលផ្ទុកលើសចាប់ពី២០ភាគរយឡើងទៅនឹងត្រូវរងពិន័យ ដកបណ្ណបើកបរព្យួរទុកចំនួន២ឆ្នាំ ឃាត់យានយន្តទុក១ឆ្នាំ​ ហើយអាចឈានទៅបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន១ឆ្នាំ ក្នុងករណីទទួលរងការពិន័យម្ដងរួចមកហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត