ឆ្នាំ២០២៦ទៅ ពលរដ្ឋខ្មែរ នឹងជាប់កាតព្វកិច្ចចូលធ្វើកងទ័ព
អុន សម្ផស្ស
14 កក្កដា 2025 08:00 AM

រាជធានីភ្នំពេញ៖ ស្របពេលមានជម្លោះជាមួយប្រទេសថៃលើបូរណភាពទឹកដី មេដឹកនាំកម្ពុជា ជំរុញឱ្យក្រសួងការពារជាតិ ធ្វើកំណែទម្រង់ និងទំនើបកម្មលើកផ្នែកមួយចំនួននៃកងទ័ព។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងប្រកាសថា ច្បាប់ស្តីពី«កាតព្វកិច្ចយោធា» នឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ។ គួរដឹងបន្តិចសិនថា ច្បាប់នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ ប៉ុន្តែជិត២០ឆ្នាំមកនេះ នៅមិនទាន់អនុវត្តនៅឡើយទេ។ 

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

ថ្លែងចេញពីកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថ ប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ដល់ក្រសួងពាក់ព័ន្ធឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦។ សម្តេចថ្លែងថា«ច្បាប់ស្តីពីកាតព្វកិច្ចយោធារឆ្នាំ២០០៦ ត្រូវកែឱ្យហើយ ដើម្បីយើងឈានទៅដល់អនុវត្តនៅឆ្នាំ២០២៦..នេះគឺជាការប្តេជ្ញាចិត្តរបស់យើង»។ 

«ច្បាប់កាតព្វកិច្ចយោធា»បានកំណត់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ១៨ ដល់៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធារយៈពេល១៨ខែ ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រីគឺផ្អែកទៅតាមការស្ម័គ្រចិត្ត។ យ៉ាងណា ច្បាប់ដ៏សំខាន់នេះ នឹងមានការកែប្រែចំណុចមួយចំនួន មុននឹងដាក់ឱ្យប្រើ ជាពិសេសទៅលើរយៈពេលនៃការអនុវត្តកាតព្វកិច្ចចូលបម្រើទ័ពរបស់ពលរដ្ឋខ្មែរ ពោលគឺអាចកែឱ្យអ្នកជាប់កាតព្វកិច្ចយោធាចូលមប្រើទ័ពយូជាងមុន។ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា រយៈពេល១៨ខែជារយៈពេលខ្លីក្នុងការហ្វឺកហ្វឺន ដូច្នេះសម្តេចចង់ឱ្យកែពី១៨ខែទៅរយៈពេល២៤ខែវិញ។

ចំពោះការអនុវត្តច្បាប់នេះ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នឹងជួយឱ្យកម្ពុជាបង្កើនទាំងបរិមាណ ទាំង​ប្រសិទ្ធភាពក្នុងជួរកងទ័ព ហើយធ្វើឱ្យកម្ពុជាមិនខ្វះកូនទាហាននៅថ្ងៃអនាគត។ មួយវិញទៀត ប្រសិនជាមានសភាពការណ៍ចាំបាច់ កម្ពុជាក៏មានកងទ័ពដែលមានការហ្វឹកហ្វឺនរួចជាស្រេច។ សម្តេចបញ្ជាក់ថា៖«អ្វីដែលសំខាន់នោះគឺប្រសិទ្ធភាពទ័ពដែលរើស ជាកាតព្វកិច្ចយកទៅផ្សាំ២ឆ្នាំ ចប់២ឆ្នាំគាត់មាន​លទ្ធភាពស្ម័គ្រចិត្ត ​គាត់ចង់ចូលសង្គម ឬគាត់ស្ម័គ្រចិត្តចូលជាទ័ពអាជីព»។ ក្រោយពេលបំពេញកាតព្វកិច្ចយោធា អ្នកដែលមិនចង់ចូលធ្វើជាយោធាអាជីព អាចចូលទៅប្រឡូកក្នុងសង្គមដោយមានការអប់រំបណ្ដុះបណ្ដាល និងមានវិន័យល្អ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត