
រាជធានីភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន បានរកឃើញរោងចក្រផលិតថ្នាំជក់មួយកន្លែង បានបើកដោយគ្មានលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន ថែមទាំងបានបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ តាមរយៈការទុកដាក់វត្ថុធាតុដើម និងសំណល់មិនបានត្រឹមត្រូវ ជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាជពលរដ្ឋ…។

រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន ស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រាយការណ៍ប្រាប់មន្រ្តីនៃក្រសួងបរិស្ថានថា កំពុងបង្កផលប៉ះពាល់ដល់ពួកគាត់យ៉ាងខ្លាំង។ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់រោងចក្រ និងអាជ្ញាធរមូលដ្ឋាន សុទ្ធតែបានបញ្ជាក់ដូចគ្នាថា ម្ដងម្កាលពួកគាត់ពិបាកទ្រាំ ពេលមានក្លិនឈួលថ្នាំចេញពីរោងចក្រ ហើយពួកគាត់មានការព្រួយបារម្ភចំពោះសុខភាពជាខ្លាំង។ ក្រោយទទួលព័ត៌មាន មន្រ្តីក្រសួងបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន កាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងរោងចក្រខាងលើដោយផ្ទាល់ ហើយរកឃើញរោងចក្រនេះ ពិតជាបានបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ប្រាកដមែន។

រោងចក្រនេះមិនបានទុកដាក់វត្ថុធាតុដើម ផលិតផល និងសំណល់ ឱ្យបានត្រឹមត្រូវនោះទេ ជាហេតុបង្កឱ្យមានក្លិនទៅក្នុងបរិស្ថានដោយផ្ទាល់ ខណៈប្រព័ន្ធបច្ចេកទេសបរិស្ថាន ដូចជា៖ ប្រព័ន្ធបឺតធូលី និងការបំពាក់ឧបករណ៍កាត់បន្ថយក្លិនកខ្វក់ ក៏រោងចក្រខាងលើមិនបានរៀបចំដែរ។ សំខាន់ជាងនេះទៅទៀត ក្រសួងបរិស្ថាន រកឃើញរោងចក្រនេះ បានបើកដំណើរការតាំងពីដើមឆ្នាំ២០២៥ ដោយគ្មានលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន ពីមន្ទីរ ឬក្រសួងបរិស្ថាន។ ក្រោយរកឃើញកំហុសឆ្គង អ្នកជំនាញនៃក្រសួងបរិស្ថាន បានសម្រេចណែនាំឱ្យរោងចក្រខាងលើអនុវត្តតាមវិធានការមួយចំនួន ក្នុងនោះ អគារផលិកម្មត្រូវរៀបចំជាបន្ទប់ខណ្ឌឱ្យដាច់ពីរវាងផ្នែកផលិតកម្ម ផ្នែកស្តុកវត្ថុធាតុដើម និងផលិតផលសម្រេច។

ត្រូវបំពាក់ប្រព័ន្ធបឺតខ្យល់ និងឧបករណ៍ស្ទាក់ចាប់ធូលី និងក្លិនឱ្យបានគ្រប់គ្រាន់នៅផ្នែកផលិតកម្ម ហើយធូលីដែលបានបឺតចេញពីច្រវាក់ផលិតកម្ម ត្រូវបញ្ចូលទៅក្នុងស៊ីឡូត្រឹមត្រូវ។ ដើម្បីអនុវត្តបទដ្ឋានបរិស្ថានឱ្យបានត្រឹមត្រូវ រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន ពីមន្ទីរ ឬក្រសួងបរិស្ថាន។ ក្រសួងនឹងពិនិត្យតាមដានការអនុវត្តវិធានការ ស្របទៅតាមក្រមបរិស្ថាននិងធនធានធម្មជាតិជាបន្តទៅទៀត៕




