
ភ្នំពេញ៖ ដោយមើលឃើញនូវគុណតម្លៃនៃបច្ចេកវិទ្យាឌីជីថល និងដើម្បីធ្វើបរិយាប័ន្នដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លើកកម្ពស់ប្រសិទ្ធភាព និងស័កសិទ្ធភាពនៃសេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយធំៗចំនួន៣ ដើម្បីតម្រង់ទិសដល់ស្ថាប័នពាក់ព័ន្ធ (ស្ថាប័នឯកជន សាធារណៈ និងពលរដ្ឋ)។

គោលនយោយបាយទាំងនោះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រួមមាន៖ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, គោលនយោបាយរបស់រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០។ លើសពីនេះ ដើម្បីធានាបាននូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលស្របតាមគោលនយោបាយដែលបានដាក់ចេញ រាជរដ្ឋភិបាលកម្ពុជាតាមរយៈស្ថាប័នជំនាញ ក៏បានបន្តសិក្សារៀបចំនូវច្បាប់ និងបទដ្ឋានគតិយុត្ត ស្តីពីសន្តិសុខសាយប័រ ជាបន្តបន្ទាប់ ដើម្បីគាំទ្រការធ្វើបរិវត្តកម្ម និងអភិបាលកិច្ចឌីជីថលនៃសសរស្តម្ភទាំង៣ (រដ្ឋាភិបាល ធុរកិច្ច និងពលរដ្ឋឌីជីថល) ប្រកបដោយនិរន្តរភាព និងចីរភាព ទាំងលើដំណើរការប្រព័ន្ធ ការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់ផងដែរ។

ដោយសារវឌ្ឍនភាពបច្ចេកវិទ្យាក្រោមចរន្តនៃបដិវត្តន៍ឧស្សាហកម្ម៤.០ បានជម្រុញសន្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការស្រាវជ្រាវរបស់ Hoosuite ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញតួរលេខនៃការប្រើប្រាស់ឌីជីថលនៅកម្ពុជា “Digital Cambodia 2022” ក្នុងនោះអ្នកប្រើប្រាស់អ៊ីនធឺណេត មានប្រមាណ ១៣,៤៤ លាននាក់ ស្មើនឹង ៧៨,៨% ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គម មានប្រមាណ ១២,៦ លាននាក់ ស្មើនឹង ៧៣,៩% និងអ្នកប្រើប្រាស់សេវាទូរស័ព្ទ មានប្រមាណ ២២,០៦ លាននាក់ ស្មើនឹង ១២៩,៣% នៃចំនួនប្រជាជនកម្ពុជាសរុប៕


