
រាជធានីបាងកក៖ ក្រោមវិធានការដោះស្រាយវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 ថៃបានផ្តល់សេវាផ្លូវដែកអគ្គិសនីដោយឥតគិតថ្លៃ នៅថ្ងៃដំបូងអ្នកដំណើរសរុបចំនួន១,៦៣ លាននាក់បានប្រើប្រាស់សេវាកម្មនេះ។

លោក ភីចិត គូណាថាំរ៉ាក់ (Pichet Kunathamraks) អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវដែក បានអោយដឹងថា នៅថ្ងៃទី២៥ ខែមករា ដែលជាថ្ងៃដំបូងនៃដំណើរការគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ខ្សែរថភ្លើងអគ្គិសនី និងឡានក្រុងទាំងអស់របស់អាជ្ញាធរដឹកជញ្ជូនសាធារណៈរាជធានីបាងកក បានបើកជូនឱ្យប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា។ វិធានការនេះត្រូវបានអនុវត្តដើម្បីកាត់បន្ថយកំហាប់ភាគល្អិតនិចល PM2.5 ដែលបង្កឡើងដោយយានជំនិះ តាមការណែនាំរបស់លោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រា។

នៅថ្ងៃដំបូង អ្នកដំណើរសរុបចំនួន១ ៦៤៣ ៤៤៦ នាក់ បានប្រើប្រាស់ប្រព័ន្ធផ្លូវដែកអគ្គិសនី កើនឡើង ៤៥,២៩ភាគរយ ប្រៀបធៀបទៅនឹងកាលពីសប្តាហ៍មុនៗ។ រថភ្លើងខ្សែមាស (Gold Line) មានអ្នកដំណើរកើនឡើងខ្ពស់បំផុតដែលមានកំណើន២,៤២ ដងបើប្រៀបធៀបទៅនឹងអត្រាជាមធ្យម។ បន្ទាប់ពីនោះខ្សែពណ៌លឿង និងពណ៌ផ្កាឈូកបានកើនឡើង៩២,៦៨ ភាគរយ និង៨៦,២៨ ភាគរយរៀងគ្នា។ ខ្សែរថភ្លើងទាំងបីនេះគឺជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលឆ្លងកាត់តំបន់លំនៅដ្ឋាន និងភ្ជាប់ទៅបណ្តាញឆ្លងកាត់ដ៏ធំ។

លោក ភីចិត បានសន្និដ្ឋានថា វាជាការប្រសើរដែលសាធារណជនកាន់តែច្រើនប្រើប្រព័ន្ធផ្លូវដែកអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន និងជួយកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន។ នេះគឺជាជំហានឆ្ពោះទៅរកការបន្ថយការបំភាយកាបូនម៉ូណូអុកស៊ីត និងការបំពុលបរិយាកាសដែលនឹងរួមចំណែកដល់ការកាត់បន្ថយភាគល្អិត PM2.5 ។ ដោយឡែក សម្រាប់ថ្ងៃទី២៧ ខែមករានេះ អាជ្ញាធររំពឹងថា ចំនួនអ្នកដំណើរលើប្រព័ន្ធផ្លូវដែកអគ្គិសនីនឹងកើនឡើងបន្ថែមទៀតទាំងនៅពេលព្រឹក និងពេលរសៀល បើទោះជារាជរដ្ឋាភិបាលផ្សព្វផ្សាយគោលនយោបាយធ្វើការពីផ្ទះក៏ដោយ៕




