សភានឹងប្រជុំនៅថ្ងៃ១១កក្កដា ពិនិត្យលើការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិជនដែលគប់គិតបរទេសបំផ្លាញជាតិ
S
Soriya Sou
03 កក្កដា 2025 05:30 AM

រាជធានីភ្នំពេញ៖ រដ្ឋសភានឹងប្រជុំវិសាមញ្ញនៅថ្ងៃទី១១កក្កដាខាងមុខនេះ ដើម្បីពិនិត្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឱកាសឱ្យដកសញ្ជាតិពលរដ្ឋខ្មែរម្នាក់ណា ដែលគប់គិតជាមួយបរទេសបំផ្លាញជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣កក្កដា…។

រូបតំណាង
រូបតំណាង

ថ្លែងចេញពីពិធីសំណេះសំណាលជាមួយសិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាលជាស៊ីមកំចាយមារ ខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រដ្ឋសភាទាំង១២៥រូប និងរាជរដ្ឋាភិបាល បានថ្វាយសំណើួមទៅព្រះមហាក្សត្រសុំកែរដ្ឋធម្មនុញ្ញ ខណៈព្រះមហាក្សត្រទ្រង់បានសួរយោបល់ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យ ហើយបានថ្វាយមតិទៅទ្រង់ថា «អាចធ្វើទៅបាន» ព្រោះមិនផ្ទុយនឹងមាត្រាទាក់ទិននឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្សឡើយ។ សម្ដេចតេជោសង្កត់ធ្ងន់ថា «អ្នកឯងថាមេចថាទៅ..ប៉ុន្តែសភានឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែកក្កដានេះហើយ។ រដ្ឋធម្មនុញ្ញនឹងត្រូវបានកែ ដើម្បីផ្ដល់ឱកាសសម្រាប់ការដកសញ្ជាតិ! អ្នកឯងប្រឹងគប់គិតជាមួយបរទេសប្រឆាំងខ្មែរទៀតទៅ..អ្នកឯងសាកមើលទៅ..?»

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

ដោយឡែក ស​ម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងចេញពីពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣កក្កដានេះដែរថា នៅលើពិភពលោក មានប្រទេសដល់ទៅ១៥០ឯណោះ ដែលមានច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្លួន។ សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២កក្កដាម្សិលមិញ បានបើកកិច្ចប្រជុំដើម្បីពិនិត្យលទ្ធភាពនៃការកែប្រែមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ថាតើអាចទៅរួច ឬអត់? ក្រោយបញ្ចប់កិច្ចប្រជុំ ស្ថាប័នកំពូលមួយនេះ បានចេញសេចក្ដីប្រកាសថា ការកែប្រែ ឬការធ្វើវិសោធនកម្មមាត្រា៣៣ «អាចធ្វើទៅបាន»។ មាត្រា៣៣នៃរដ្ឋធម្មនុញ្ញ នឹងកែពី «មិនអាចដកសញ្ជាតិខ្មែរ ទៅជាអាចដកសញ្ជាតិខ្មែរ» ពីពលរដ្ឋខ្មែរណាម្នាក់ ដែលត្រូវបានរកឃើញថា បានចូលដៃចូលជើងជាមួយបរទេស ប្រព្រឹត្តទង្វើបំផ្លាញជាតិសាសន៍ខ្លួន។

សូមរំឭកថា ការកែប្រែមាត្រា៣៣នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី២៧មិថុនា។ សម្ដេចមានប្រសាសន៍ថា ការធ្វើបែបនេះគឺដើម្បីជាការធានាអះអាងមួយ កម្ពុជាមិនត្រូវទទួលបានការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនឡើយ។ ជាការកត់សម្គាល់ សំណើបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយមានការទាមទារពីអ្នកប្រឆាំងមួយចំនួន ដែលបានទទូចទាមទារឱ្យរាជរដ្ឋាភិបាលបញ្ចេញលិខិតស្នាមដែលអាចបញ្ជាក់ថា កម្ពុជាពិតជាបានផ្ញើឯកសារជុំវិញតំបន់ទាំង៤ គឺប្រសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី កំពុងមានវិវាទជាមួយថៃ ទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្រាកដមែន។ សម្ដេចតេជោបានចាត់ទុកទង្វើបែបនេះពីសំណាក់ក្រុមប្រឆាំង គឺជាការគប់គិតជាមួយបរទេសប្រឆាំងនឹងជាតិសាសន៍ខ្លួនឯង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត