វិធី៤យ៉ាងកាត់បន្ថយបញ្ហាកើតមុនលើផ្ទៃមុខ
S
Sreyleak Yith
•
12 កក្កដា 2025 08:00 AM

សុខភាព៖ មុន បណ្ដាលមកពី​​ការ​រលាក​ស្បែក​រ៉ាំរ៉ៃ​ ហើយច្រើន​តែ​កើត​លើ​ផ្ទៃ​មុខប៉ុន្តែ​ក៏​អាច​កើត​លើ​ស្មា ខ្នង​ ក ទ្រូង និង​ដើម​ដៃ​ដែរ។​ មូលហេតុ​​អាច​បង្ក​ឡើង​ដោយ​សារ​បាក់តេរី និង​ធូលី​ដី​ដែល​នៅ​ជុំវិញ​ខ្លួន យ៉ាង​ណា​ ​អាច​សាកល្បង​តិចនិក​ចំនួន​៤យ៉ាង ដើម្បី​បង្ការ​បញ្ហា​មុន​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព...។

១. បោក​គក់​ស្រោម​ខ្នើយ​ជា​ទៀងទាត់៖ ខ្នើយ​ដែលគេងជា​រៀង​រាល់​យប់​អាច​កក​កុញ​ទៅ​ដោយ​ធូលី​ដី ក៏​ដូចជា​​ខ្លាញ់​ពី​ផ្ទៃ​មុខ​ ព្រម​ទាំង​ផលិតផល​ថែ​រក្សា​ស្បែក​​​ផ្សេង​ៗ។ ​មួយ​វិញ​ទៀត ស្រោម​ខ្នើយ​ដែល​​ធ្វើ​ពី​កប្បាស​ងាយ​ប្រមូល​ផ្ដុំ​បាក់តេរី និង​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ីបណ្ដាល​ឱ្យ​ស្បែក​ងាយ​នឹង​កើត​មុន។ ដូច្នេះ​គួរ​ផ្លាស់ប្ដូរ​ស្រោម​ខ្នើយ​​ឱ្យ​បាន​ញឹកញាប់ និង​បោក​ជា​រៀង​រាល់​២ ឬ​៣​​ថ្ងៃ​ម្ដង​ទើប​ជា​ការ​ប្រសើរ។ ២. ជៀសវាង​ប៉ះពាល់​​ផ្ទៃ​មុខ​​ពេល​ដៃ​កខ្វក់៖ ការ​ប៉ះពាល់​ផ្ទៃ​មុខ​ញឹកញាប់​ដោយ​មិន​បាន​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ជា​មុន​អាច​នាំ​ឱ្យ​បាក់តេរី និង​ធូលី​ដី​ឆ្លង​ទៅ​កាន់​ផ្ទៃ​មុខ​បានដែល​​បង្ក​ឱ្យ​មាន​ការ​កើត​មុន​​បាន​​យ៉ាង​ងាយ​។

៣.​ចង​សក់​​ឱ្យ​បាន​ត្រឹមត្រូវ ៖ នៅ​ពេល​មិន​ចង​សក់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ សក់​ដែល​ឡើង​ប្រេងអាច​ប៉ះ​នឹង​ផ្ទៃ​មុខ ព្រម​ទាំង​អាច​បង្ក​ជា​ការ​ស្ទះ​រន្ធ​ញើស​។ ជួនកាលផលិតផល​ថែរក្សា​សក់​ រួម​​មាន​​ស្រ្ពៃយ៍​បាញ់​សក់​ ជែល ឬ​ប្រេង​លាប​សក់​ ក៏​អាច​​បណ្ដាល​ឱ្យស្បែកប្រតិកម្ម និង​ឡើង​ប្រេង​លើស​កម្រិត ជា​ហេតុ​នាំ​ឱ្យ​កើត​មុន​លើ​​ថ្ងាស​​ដូច​គ្នា​។ ៤.ជូត​សម្អាត​ទូរសព្ទ​ដៃ​​ឱ្យស្អាត​ជានិច្ច៖ ទូរសព្ទ​ដៃ​ផ្ទុក​បាក់តេរី និង​មេរោគ​ជា​ច្រើន​ ហើយការដាក់​​ទូរសព្ទ​នៅ​លើ​ផ្ទៃ​មុខ ​និង​និយាយ​រយៈពេល​យូរអាច​​បន្សល់​ទុក​ធូលី​ដី និង​បាក់តេរី​នៅ​ក្នុង​រន្ធ​ញើស ​ជា​ហេតុ​​នាំ​ឱ្យ​សន្ទះរន្ធញើស និង​បង្ក​ជា​បញ្ហា​មុន​បាន​។​ ហេតុ​នេះ​ត្រូវ​សម្អាត​ទូរសព្ទ​ដៃ​ឱ្យ​ស្អាត​ជា​និច្ច៕  អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត