ហើមពោះ មិនមែនគ្រាន់តែដោយសារទទួលទានអាហារមិនល្អ តែអាចមកពីរាងកាយមានបញ្ហាសុខភាព៤យ៉ាង
S
Sreyleak Yith
•
13 ម៉ោងមុន

សុខភាព៖ ការទទួលទានអាហារមិនល្អ អាចបណ្ដាលឱ្យឡើងជាតិហ្គាសក្នុងពោះវៀន ទើបនាំឱ្យមានការហើមពោះ តែបើហើមញឹកញាប់ពេក លើសពី៣ដងក្នុងមួយសប្ដាហ៍ រាងកាយអាចមានបញ្ហាសុខភាពហើយ…។

នៅពេលហើមពោះច្រើនដងក្នុងមួយសប្ដាហ៍ នោះបណ្ដាលមកកត្តា៤យ៉ាងដូចជា មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ទល់លាមក និងប្រតិកម្មអាហារ។ វាមានរោគសញ្ញាដូចជា មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ និងឆ្អល់ពោះ។ តែចំពោះសុខភាពស្ត្រីវិញ ក៏អាចមានអាការហើមពោះញឹកញាប់ ក្នុងកំលុងមករដូវដែរ។ ករណីកម្រមួយទៀត ដែលប្រឈមកើតនោះ គឺ ជំងឺមហារីកក្រពេញអូវែ។ ជំងឺនេះ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការហើមពោះបែបនេះ គឺត្រូវប្រុងប្រយ័ត្នខ្លាំង។ ការហើមពោះ មិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ចំពោះ វិធីកាត់បន្ថយអាការហើមពោះ ត្រូវហាត់ប្រាណឱ្យបានទៀងទាត់, ទំពារអាហារដោយបិទមាត់ ដើម្បីជៀសវាងការលេបខ្យល់, ពិសាទឹកឱ្យបានច្រើន, ទទួលទានអាហារសម្បូរជាតិសរសៃ ប្រសិនបើទល់លាមក, បរិភោគអាហារតិចតែញឹកញាប់ និងកាត់បន្ថយអាហារហិរ ព្រមទាំងកាត់បន្ថយភេសជ្ជៈកំប៉ុងផងដែរ។

គួរជ្រាបថា ផ្លែឈើមួយចំនួនមានគុណប្រយោជន៍ជាច្រើន ដល់ប្រព័ន្ធរំលាយអាហារពីព្រោះវាមានផ្ទុកទៅដោយជាតិសរសៃ អង់ស៊ីម និងសារធាតុចិញ្ចឹមល្អៗ ដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពក្រពះ និងពោះវៀន។ ១.ផ្លែចេក៖ ផ្លែចេក ក៏មានគុណប្រយោជន៍ជួយដល់ការរំលាយអាហារ ជំរុញការលូតលាស់នៃបាក់តេរីល្អក្នុងក្រពះ ព្រមទាំងកាត់បន្ថយជាតិអាស៊ីត។ លើសពីនេះ ផ្លែចេក សម្បូរទៅដោយជាតិសរសៃ ដែលជួយសម្រួលដល់ការបន្ទោរបង់ និងកាត់បន្ថយការទល់លាមក។ ២.ផ្លែល្ហុង៖ ល្ហុង គឺជាផ្លែឈើដ៏សក្តិសម ចំពោះការរំលាយអាហារ ដោយសារវាផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលរួមចំណែកជួយបំបែកប្រូតេអ៊ីន និងជំរុញដល់ការរំលាយអាហារ។ បន្ថែមពីនេះ ផ្លែល្ហុង ក៏សម្បូរទៅដោយជាតិសរសៃ និង វីតាមីនC សារធាតុអុកស៊ីតកម្ម ជួយជំរុញដល់ការរំលាយអាហារ និងគាំទ្រដល់ប្រព័ន្ធភាពប្រព័ន្ធភាពស៊ាំ។

៣.ផ្លែម្នាស់៖ ផ្លែម្នាស់ ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការរំលាយអាហារ ពីព្រោះវាមានផ្ទុកអង់ស៊ីមសម្រាប់បំបែកជាតិប្រូតេអ៊ីននៅក្នុងក្រពះ ដោយជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការទល់លាមក។ ៤.ផ្លែប៉ោម៖ ប៉ោម ជាផ្លែឈើដែលសម្បូរដោយជាតិសរសៃខ្ពស់ ជួយដល់ការបន្ទោសបង់ និងបញ្ចៀសការទល់លាមក។ តាមការសិក្សាមួយបានបង្ហាញថា សមាសភាពប្រឆាំងការរលាកនៃផ្លែប៉ោម អាចជួយកាត់បន្ថយហានិភ័យនៃការច្រាលអាហារ រីឯសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនល្អៗ ក៏រួមចំណែកក្នុងការពង្រឹងសុខភាពក្រពះ-ពោះវៀនដូចគ្នា៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត