ស្ត្រីចូលដល់វ័យ៥០ឆ្នាំឡើងជាវ័យអស់រដូវ ដែលធ្វើឱ្យសុខភាពចុះខ្សោយ ទាំងនេះជាអាហារគួរទទួលទាន និងមិនគួរ
S
Sreyleak Yith
•
មួយម៉ោងមុន

សុខភាព៖ មនុស្សស្រីដែលចូលដល់អាយុ៥០ឆ្នាំឡើង ភាគច្រើនជាវ័យអស់វដ្តរដូវ ដែលជាពេលវេលាងាយប្រឈមនឹងបញ្ហាសុខភាពខ្លាំង។ តែយ៉ាងណា មានដំណោះស្រាយល្អៗមួយចំនួន នោះគឺការប្រើរបបអាហារ ដែលវានឹងដើរតួនាទីសំខាន់ជួយទ្រទ្រង់សុខភាពស្ត្រី ក្រោយពេលអស់រដូវ ប៉ុន្តែក្នុងនោះមានអាហារខ្លះ ក៏មិនគួរទទួលទានដែរ…។

១.អាហារគួរចៀសវៀង៖ អស់រដូវ ច្រើនតែធ្វើឱ្យឡើងទម្ងន់ ហើយមានការប្រែប្រួលអារម្មណ៍ទៅជាឆាប់ខឹង សុខភាពឆ្អឹងខ្សោយ និងការផ្លាស់ប្ដូរអ័រម៉ូន។ កម្រិតអ័រម៉ូនអ៊ីស្ត្រូសែន ចាប់ផ្ដើមធ្លាក់ចុះក្នុងកំលុងពេល១២ខែដំឡូងនៃការអស់រដូវ បណ្ដាលឱ្យឡើងកម្រិតកូឡេស្តេរ៉ុលខ្ពស់ និងការកើនឡើងហានិភ័យជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ បញ្ហាសំខាន់មួយទៀត នោះគឺត្រូវរក្សាទម្ងន់ឱ្យថេរ ព្រោះកាលណាទម្ងន់ឡើង ជាសញ្ញាមិនល្អទេ វាអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព ជាពិសេស វាបង្កើនហានិភ័យជំងឺមហារីកសុដន់ ជំងឺធ្លាក់ទឹកចិត្ត ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។ ហេតុនេះ គួរតែរក្សារបៀបរស់នៅឱ្យបានល្អ ធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានអាហារឱ្យមានតុល្យភាព ដើម្បីជួយទប់ស្កាត់ការឡើងទម្ងន់។ 

ចំពោះអាហារក្រោយអស់រដូវ មិនគួរបរិភោគមានដូចជា អាហារកែច្នៃ អាហារមានជាតិខ្លាញ់ខ្ពស់ អាហារប្រើស្ករ និងអំបិលខ្ពស់ អាហារហិរ គ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន។ ស្ត្រីដែលអស់វដ្តរដូវ គួរបរិភោគអាហារបង្កើនការធ្វើមេតាប៉ូលិស និងអ័រម៉ូនអ៊ីស្ត្រូសែន។ ប្រភេទបន្លែបៃតងមានដូចជា ខាត់ណាបៃតង ឬពពួកស្ពៃ មានលទ្ធភាពប្រឆាំងនឹងការរលាក បង្កើនមេតាប៉ូលិស និងអ៊ីស្ត្រូសែន ជួយដល់រាងកាយមិនឱ្យបញ្ចេញអ័រម៉ូនទាំងនេះច្រើន។ លើសពីនេះ អាហារផ្សេងៗទៀត ដែលមានប្រសិទ្ធភាពប្រហាក់ប្រហែល ដែលមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា៣ រួមមាន ត្រីសាល់ម៉ុន និងត្រីសាឌីន។ ក្រៅពីនេះ មានដូចជាសាច់មាន់ ស៊ុត ពពួកសណ្ដែក ផ្លែប៊ើរី យ៉ាអួ តែបៃតង បន្លែស្លឹកបៃតង–អាហារសម្បូរជាតិកាកសរសៃ កាល់ស្យូម អាហារសម្បូរជាតិដែក និងផឹកទឹកឱ្យបានច្រើន។

ចំណុចសំខាន់មួយទៀត ដែលស្ត្រីត្រូវអនុវត្តមិនឱ្យខកខាន គឺការទទួលទានអាហារសម្បូរជាតិកាល់ស្យូម ដែលមានដូចជា ឈីស ពិសេសទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោទាំងអស់។ ប្រសិនបើមិនអាចបរិភោគអាហារទាំងនោះ បានគ្រប់គ្រាន់ អាចស្វែងរកពពួកថ្នាំជាតិកាល់ស្យូម ដើម្បីការពារកុំឱ្យឈឺចាប់ឆ្អឹង និងមានជំងឺពុកឆ្អឹង។សូមជម្រាបថា ស្ត្រីក្នុងវ័យពី៦០-៧៥ឆ្នាំ ច្រើនមានជំងឺឈឺឆ្អឹង ហើយស្ត្រីប្រឈមនឹងជំងឺពុកឆ្អឹង ៤ដងលើសបុរស ដូច្នេះ សូមបង្កើនការប្រុងប្រយ័ត្ន ប្រសិនបើអ្នកមានរាងស្តើងស្រាប់ ឬធ្លាប់ជួបបញ្ហាពុកឆ្អឹងត្រូវប្រយ័ត្ន ព្រោះអាចប៉ះទង្គិចរហូតបាក់ឆ្អឹង៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត