
រាជធានីភ្នំពេញ៖ «ក្បាលពោះកាន់តែធំ នឹងធ្វើឱ្យអត្រាអាយុរស់របស់មនុស្សកាន់តែថយចុះ»។ ថយចុះ ក៏ព្រោះមនុស្សធាត់ដុះក្បាលពោះធំ មានហានិភ័យកើតជំងឺមិនឆ្លងជាច្រើន ជាពិសេសជំងឺទឹកនោមផ្អែម ដែលគ្មានថ្នាំអាចព្យាបាលឱ្យជាដាច់បានឡើយ។ នេះជាប្រសាសន៍លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា...។

លោកវេជ្ជបណ្ឌិត នុត សម្បត្តិ បញ្ជាក់ថា បច្ចុប្បន្ន ចំពោះជំងឺឆ្លង កម្ពុជាអាចគ្រប់គ្រងបានហើយ នៅឡើយតែជំងឺមិនឆ្លងដែលកំពុងកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ជាពិសេសជំងឺទឹកនោមផ្អែម ប្រភេទទី២ ខណៈនិន្នាការពិភពលោកក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ដូចគ្នា។ កំពុងកើនឡើង ក៏ដោយសារតែការវិវត្តិនៃបច្ចេកវិទ្យា ធ្វើឱ្យមនុស្សមិនសូវធ្វើពលកម្ម វិបត្តិនៅក្នុងអារម្មណ៍ ការហូបចុក និងការគ្រប់គ្រងទម្ងន់មិនបានត្រឹមត្រូវ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីជំងឺមិនឆ្លងនៅកម្ពុជា «ចំណេះដឹងបឋមស្តីពីការការពារ និងថែទាំជំងឺទឹកនោមផ្អែមប្រភេទ២» អ្នកជំនាញសុខភាពរូបនេះ បានរំឭកពីប្រសាសន៍របស់អ្នកជំនាញអាមេរិកាំងម្នាក់ មកពីសាកលវិទ្យាល័យកាលីហ្វញ៉ា ដែលធ្លាប់បានពន្យល់លោកថា៖ មានកត្តា៣ធ្វើឱ្យមនុស្សងាយកើតជំងឺទឹកនោមផ្អែម រួមមាន៖ កត្តាអាហារ កត្តាគ្រួសារដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែម និងកត្តាធាត់លើសទម្ងន់។

លោកវេជ្ជបណ្ឌិត នុត សម្បត្តិ បញ្ជាក់ថា៖ «ក្បាលពោះរបស់អ្នកជំងឺ គឺសមាមាត្រទៅនឹងជំងឺគាំងបេះដូង ជំងឺខ្លាញ់រុំថ្លើម ហើយកាលណាក្បាលពោះដុះកាន់តែធំ មានន័យថា អត្រាអាយុរស់កាន់តែថយជាងមុន ដូច្នេះ ត្រូវតែប្រុងប្រយ័ត្ន»។ លោកថា ថ្វីដ្បិតបច្ចុប្បន្ន មានថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដែលល្អអាចជួយការពារសម្ពាធឈាម ជួយបញ្ចុះទម្ងន់ ជួយការពារបេះដូងកុំឱ្យមានបញ្ហា អាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម ហើយមានទាំងថ្នាំចាក់មួយថ្ងៃ៣ដង ឬមួយថ្ងៃម្ដងពិតមែន ក៏ប៉ុន្តែអ្នកជំងឺក៏នៅតែតម្រូវឱ្យប្រើថ្នាំរហូតទៅអស់មួយជីវិត មិនអាចបញ្ឈប់បានទេ។ ដូច្នេះលោកអំពាវនាវដល់សាធារណជន ជាពិសេស យុវជន យុវនារី ដែលអនាគតជាទំពាំងស្នងឫស្សីប្រទេសជាតិ អាចក្លាយជាថ្នាក់ដឹកនាំនៅថ្ងៃអនាគត សូមប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានល្អ ព្រោះក្រៅពីចំណេះដឹង និងសីលធម៌ ថ្នាក់ដឹកនាំល្អត្រូវតែមានសុខភាពល្អជាចម្បង។

លោកសាស្រ្ដាចារ្យ ឯម សាវឿន អ្នកជំនាញឯកទេសខាងជំងឺទឹកនោមផ្អែមនិងជំងឺធ្ងន់ និងជាប្រធានផ្នែកប្រពោធកម្មសល្យសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានមានប្រសាសន៍ដែរថា «ការពារប្រសើរជាងព្យាបាល ជាអ្វីដែលប្រជាជនគ្រប់រូបគួរអនុវត្ត ជាជាងឱ្យមានជំងឺហើយទើបព្យាបាលតាមក្រោយ»។ លោកយល់ស្របដូចអ្វីដែលលោកវេជ្ជបណ្ឌិត នុត សម្បត្តិ បានលើកឡើង ដោយបងប្អូនមិនគួរខ្ជិលច្រអូសក្នុងការធ្វើលំហាត់ប្រាណឡើយ ព្រោះវាជាចំណែកធំមួយជួយឱ្យមនុស្សមានសុខភាពល្អ និងអាចចៀសឆ្ងាយពីជំងឺទឹកផ្អែម និងជំងឺមិនឆ្លងច្រើនទៀត។ ជាងនេះត្រូវប្រកាន់ខ្ជាប់ការហូបចុកឱ្យបានត្រឹមត្រូវ កុំបរិភោគអាហារ ឬភេសជ្ជៈផ្អែមច្រើនពេក ក៏ជារឿងសំខាន់ដែលត្រូវធ្វើដែរ។ ចំពោះអ្នកដែលកំពុងមានជំងឺទឹកនោមផ្អែមស្រាប់ អ្នកជំនាញរូបនេះបានអំពាវនាវឱ្យទៅពិគ្រោះជាមួយគ្រួពេទ្យជំនាញឱ្យបានត្រឹមត្រូវ កុំទិញថ្នាំផ្ដេសផ្ដាសតាមចិត្តខ្លួនឯង ព្រោះអាចធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។

សូមជម្រាបថា ជំងឺទឹកនោមផ្អែម គឺបណ្ដាលមកពីការកើនឡើងជាតិស្ករក្នុងឈាម។ វាមានរោគសញ្ញាដូចជា៖ មានអារម្មណ៍ហេវហត់ អស់កម្លាំងខ្លាំង ស្រេកទឹកខ្លាំងជាងមុន ស្រកទម្ងន់ នោមញឹកញាប់ ព្រិលភ្នែក មានដំបៅដែលមិនងាយជាសះស្បើយ។ល។ ជំងឺនេះកើតឡើងមិនប្រកាន់អាយុដោយអាចកើតឡើងទាំងលើមនុស្សចាស់ និងកុមារ។ តាមរបាយការណ៍របស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីខែមីនាកន្លងទៅនេះ បានបង្ហាញថា កាលពីឆ្នាំ២០២៤ ប្រជាជនដែលទៅទទួលសេវាព្យាបាលជំងឺទឹកនោមផ្អែម បានកើនឡើងដល់ទៅ៥៩ភាគរយឯណោះ បើប្រៀបធៀបនឹងឆ្នាំមុនៗ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្ដីបារម្ភខ្លាំងចំពោះការកើនឡើងនៃជំងឺនេះ ជាពិសេសចំពោះកុមារ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាគិតគូរនិងយកចិត្តទុកដាក់ឱ្យបានខ្ពស់៕



