ពិនិត្យសុខភាពឃើញជិតកើតទឹកនោមផ្អែម ត្រូវធ្វើរឿងទាំង៥នេះ ដើម្បីការពារ​ខ្លួន
S
Sreyleak Yith
16 កញ្ញា 2026 08:00 AM

សុខភាព៖ ជិតកើតទឹកនោមផ្អែម មានន័យថា មិនទាន់កើតជំងឺទឹកនោមផ្អែមទាំងស្រុងនោះទេ លោកអ្នកអាចនៅមានសង្ឃឹមពីការ[ការពារ]ខ្លួនឯងបាន ប្រសិនបើអនុវត្ដវិធីរស់នៅបានល្អ ដូចបានរៀបរាប់ខាងក្រោម…។

ទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែមមានដូចជា៖ ទី១.តាមដានសុខភាពជាមួយគ្រូពេទ្យ៖ ក្រោយពេលដឹងលទ្ធផលធ្វើតេស្ដបង្ហាញថា ស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមប្រភេទ២ ត្រូវតាមដានសុខភាពជាមួយគ្រូពេទ្យ យ៉ាងហោច១ឆ្នាំម្ដង ដើម្បីដឹងពីកម្រិតជាតិស្ករ និងការវិវត្ដនៃជំងឺ។ ប៉ុន្ដែក្នុងករណីមានអាការប្រែប្រួលចេញរោគសញ្ញាផ្សេងៗ ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម ត្រូវទៅជួបគ្រូពេទ្យឱ្យលឿន និងបង្ហាញលទ្ធផលធ្វើតេស្ដជាតិស្ករចុងក្រោយ ទៅកាន់គ្រូពេទ្យ។ ទី២.គ្រប់គ្រងស្ត្រេស៖ការកើតស្ត្រេសរ៉ាំរៃ ក៏អាចបង្កបញ្ហាជាច្រើនដល់សុខភាព តួយ៉ាងការគេងមិនលក់ និង​ការឃ្លានទទួលទានអាហារផ្អែមៗ។ មួយ​វិញ​ទៀត ​បញ្ហាស្ត្រេស​អាចរុញច្រានធ្លាក់ក្នុងទម្លាប់មិនល្អដូចជា ការជក់បារី ការទទួលទានសុរា។ ការគ្រប់គ្រង​ស្ត្រេសបានល្អ ក៏ជាផ្នែកជួយរារាំងការវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២។

ទី៣.សម្រកទម្ងន់៖ ធាត់លើសទម្ងន់ ជាកត្ដាមួយងាយប្រឈមកើតជំងឹទឹកនោមផ្អែម ដូច្នេះ ត្រូវគ្រប់គ្រងទម្ងន់ឱ្យបានល្អ ស្របតាមស្ដង់ដារអាយុ និងកម្ពស់។ អាចជ្រើសរើសវិធីសម្រកទម្ងន់ណាមួយ ដែលមានភាពងាយស្រួលដូចជាការហាត់ប្រាណ ការគ្រប់គ្រងរបបអាហារ។ ប៉ុន្ដែមិនត្រូវប្រើប្រាស់ថ្នាំសម្រកទម្ងន់ ដែលគ្មានវេជ្ជបញ្ជា គ្មានប្រភពច្បាស់លាស់ ឬមិនបានទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវទេ​។ទី.បង្កើតទម្លាប់ហាត់ប្រាណ៖ ត្រូវបង្កើតទម្លាប់ហាត់ប្រាណឱ្យបានជាប្រចាំ ដើម្បីរាងកាយធ្វើចលនា អាចប្រើប្រាស់ថាមពល ជួយបញ្ចុះជាតិស្ករក្នុងឈាម។ អាចជ្រើសរើសការហាត់ប្រាណងាយៗដូចជា ការដើរ ជិះកង់ ការរាំ ហាត់យូហ្គា និងរត់។​ហាត់​​យ៉ាងហោចកន្លះម៉ោងក្នុងមួយថ្ងៃ និង៥ថ្ងៃមួយសប្ដាហ៍ ឬត្រឹម១៥០នាទី ក្នុងមួយសប្ដាហ៍ក៏​បានដែរ។

ទី៥.គ្រប់គ្រងរបបអាហារ៖ ការគ្រប់គ្រងរបបអាហារ ជាវិធីមួយសំខាន់អាចទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែម។ របបអាហារដែលត្រូវចៀសវាងដូចជា ភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ គ្រឿងស្រវឹង អាហារកែច្នៃ អាហារមានកូលេសេ្ដរ៉ូលខ្ពស់ អាហារខ្លាញ់ អាហារប្រៃពេក និងផ្អែមពេក។ ត្រូវបង្កើតទម្លាប់ទទួលទានអាហារ ដែលសម្បូជាតិសរសៃ ប្រូតេអ៊ីន វីតាមីន ដើម្បីជំនួយដល់សុខភាព ពិសេស​ប្រភេទរបបអាហារដែលជំនួយដល់ប្រព័ន្ធការពារ និងប្រព័ន្ធរំលាយអាហារ។ គួរដឹងថា លោកអ្នកអាចសម្គាល់ដឹងខ្លួនឯង ស្ថិតក្នុងស្ថានភាពត្រៀមកើតទឹកនោមផ្អែមប្រភេទ២ តាមរយៈរោគសញ្ញាទើបចាប់ផ្ដើមមានដូច​ជា​ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ស្រវាំងភ្នែក និង​ឃ្លានអាហារខុសពីធម្មតា ដែលរោគសញ្ញាទាំងនេះ ស្ថិតក្នុងការសង្ស័យ។ ដើម្បីកាន់តែច្បាស់ គ្រូពេទ្យនឹងធ្វើតេស្តមើលកម្រិតជាតិស្ករ៣ខែចុងក្រោយ ប្រសិនលទ្ធផលបង្ហាញថា ជាតិស្ករនៅចន្លោះពី៥,៧ភាគរយទៅ៦,៤ភាគរយ នោះគឺស្ថិតក្នុងស្ថានភាពជិតកើតជំងឺទឹកនោមផ្អែម៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត