
រាជធានីភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បង្ហាញរបាយការណ៍ថា (បើប្រៀបធៀបនឹងឆ្នាំពីមុនៗ) ក្នុងឆ្នាំ២០២៤ ប្រជាជនដែលទៅទទួលសេវាព្យាបាលជំងឺទឹកនោមផ្អែម កើនឡើងដល់ទៅ៥៩ភាគរយឯណោះ ចំណែកការទៅទទួលសេវាព្យាបាលជំងឺសម្ពាធឈាមវិញ កើនឡើង២១ភាគរយ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្រ្តីលើកឡើងដូច្នេះថា៖«ជំងឺមិនឆ្លងចម្បងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូង ជំងឺមហារីក និងជំងឺផ្លូវដង្ហែមរ៉ាំរ៉ៃ ជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពរបស់ប្រជាជនកម្ពុជា»។

និយាយពីជំងឺទឹកនោមផ្អែម! ក្នុងពិធីមួយនាពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះកុមារដែលប្រឈមកើតជំងឺទឹកនោមផ្អែមដោយសារទទួលទានភេសជ្ជៈផ្អែមៗ រហូតដល់សម្តេច ចាត់ទុករឿងនេះថាដល់ពេលដែលត្រូវប្រកាសអាសន្ន។ ដើម្បីទប់ស្កាត់ហានិភ័យនេះ សម្តេចស្នើឱ្យគ្រប់ភាគី រួមគ្នាគិតគូរឱ្យបានខ្ពស់ពីករណីក្មេងៗទទួលទានភេសជ្ជៈផ្អែម ទាំងក្នុងសាលាទាំងក្រៅសាលា។ ប្រមុខរាជរដ្ឋាភិបាល បានលើកយកករណីជាក់ស្តែងមកពញ្ញាក់ស្មារតីថា ក្មេងៗជាច្រើននៅមន្ទីរពេទ្យគន្ធបុប្ផា មានជំងឺដោយសារទទួលទានភេសជ្ជៈផ្អែម។

ក្នុងពិធីបិទសន្និបាតការងារដដែល លោក ឈាង រ៉ា ថ្លែងថា ការរក្សាកំណើនចំណាយផ្នែកគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយប្រជាជនក្រីក្រ និងងាយរងគ្រោះ ទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌។ លោករដ្ឋមន្រ្តី ថែមទាំងអះអាងទៀតថា ប្រព័ន្ធសុខាភិបាលកម្ពុជា នៅតែបន្តលើកកម្ពស់សេវាសុខាភិបាលជាប្រចាំ៕



