
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសាទរចំពោះធនធានធម្មជាតិដ៏សម្បូរបែបរបស់អាហ្វ្រិកខាងលិច ខណៈលោកធ្វើជាម្ចាស់ផ្ទះនៃមេដឹកនាំចំនួនប្រាំរបស់ខ្លួន កាលពីថ្ងៃពុធទី៩កក្កដា សម្រាប់កិច្ចប្រជុំកំពូលនៅសេតវិមានក្នុងគោលបំណងជំរុញពាណិជ្ជកម្ម ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់កុម្មុយនីស្ដរុស្ស៊ី និងចិន។

រដ្ឋបាលលោកត្រាំ កំពុងស្វែងរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់ដែលសម្បូរទៅដោយសារធាតុរ៉ែ ខណៈដែលទប់ស្កាត់ជំនួយបរទេសដល់ទ្វីបអាហ្រ្វិក និងវាយប្រហារប្រទេសនានាជាមួយនឹងពន្ធនាំចូល១០ភាគរយ។ កិច្ចពិភាក្សាជាមួយប្រធានាធិបតីនៃប្រទេសសេណេហ្គាល់ លីបេរីយ៉ា ហ្គីណេ-ប៊ីសូ ម៉ូរីតានី និងហ្គាបុង ត្រូវបានគេរំពឹងថា នឹងផ្តោតលើឱកាសពាណិជ្ជកម្ម និងសន្តិសុខ។ កិច្ចពិភាក្សានេះ កើតឡើងខណៈរដ្ឋធានីវ៉ាស៊ីនតោនកំពុងស្វែងរកការធានាឱ្យមានស្ថិរភាព នៃការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ។

ប្រទេសទាំង៥ មានធនធានធម្មជាតិដ៏សម្បូរបែប រួមមាន៖ ម៉ង់ហ្គាណែស ជាសារធាតុរ៉ែដ៏សំខាន់ក្នុងការផលិតដែកអ៊ីណុក និងថ្ម រ៉ែដែក មាស ពេជ្រ លីចូម និង cobalt។ រដ្ឋបាលលោក ត្រាំ ពិបាកទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាហ្វ្រិក ដោយសារការបិទទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងការផ្លាស់ប្ដូរពីសប្បុរសធម៌ ទៅផ្តោតលើភាពជាដៃគូដែលមានមូលដ្ឋានលើពាណិជ្ជកម្ម។ អាហ្រ្វិកខាងលិច ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយការកាត់ជំនួយ ដែលទំនងជានាំទៅរកការស្លាប់មនុស្សបន្ថែមជាង ១៤លាននាក់ នៅទូទាំងពិភពលោកនាឆ្នាំ២០៣០៕




