ព្រះមហាក្សត្រ ប្រទានឱវាទទៅកុលបុត្រខ្មែរទូទាំងប្រទេស ឱ្យសងគុណម្តាយដែលប្រៀបដូចជាទេវតាមុនគេបង្អស់
Mao Sopha
07 ឧសភា 2025 11:30 AM

រាជធានីភ្នំពេញ៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានព្រះឱវាទតាមរយៈព្រះរាជសារទៅដល់ជនានុជនជាកូនប្រុសស្រីនៅទូទាំងប្រទេសថា៖«អ្នកម្តាយ មានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណអ្នកម្ដាយគ្រប់ប្រាណជាបុព្វទេវា»។ ព្រះសម្មាសម្ពុទ្ធបរមគ្រូ បានសម្តែងថា មាតាបិតា គឺជាបុព្វទេវា ដែលមានន័យថា ជាទេវតាខាងដើម ឬជាទេវតាមុនគេបង្អស់ចំពោះកូនៗ។ 

ព្រះករុណា គង់ក្នុងប្រាសាទទេវាវិនិច្ឆ័យ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃប្រារព្ធខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។ 
ព្រះករុណា គង់ក្នុងប្រាសាទទេវាវិនិច្ឆ័យ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃប្រារព្ធខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។ 

ព្រះមហាក្សត្រ ទ្រង់ប្រោសប្រទានព្រះរាជសារនេះដល់ប្រជានុរាស្ត្រ ក្នុងឱកាសទិវាគុណអ្នកម្តាយ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះរាជបន្ទូលថា ទិវាគុណអ្នកម្តាយ ត្រូវបានប្រារព្ធឡើង ដើម្បីរម្លឹកគុណូបការៈដ៏មហាធ្ងន់វិសេសវិសាលរបស់អ្នកម្តាយ មិនមានអ្វីអាចប្រៀបផ្ទឹមបាន។ ព្រះមហាបពិត្រ ទ្រង់មានព្រះរាជឱង្ការថា អ្នកម្តាយខិតខំចំណាយកម្លាំងកាយកម្លាំងចិត្តចិញ្ចឹមបីបាច់ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែរ មិនគិតដល់ការហត់នឿយ និងមានសន្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា) ចំពោះបុត្រគ្រប់រូប។ 

ពិធីសុំខមាទោសមាតាបិតា នៅវត្តគល់ទទឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
ពិធីសុំខមាទោសមាតាបិតា នៅវត្តគល់ទទឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

ព្រះមហារាជ ទ្រង់មានព្រះបិយវាចាទៀតថា អ្នកម្តាយមានតួនាទីស្នូលដ៏សំខាន់ ក្នុងការអប់រំកូនៗឱ្យក្លាយជាកម្លាំងចលករក្នុងការថែរក្សា ការពារ លើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងជាដួងព្រលឹងជាតិ ឱ្យបានស្ថិតស្ថេរគង់វង្ស។ ចុងបញ្ចប់នៃព្រះរាជសារ ព្រះបរមរាជា ទ្រង់បួងសួងសូមឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ព្រះរាជវង្សានុវង្ស និងប្រជាជនខ្មែរគ្រប់រូប ជួបតែព្រះពុទ្ធពរទាំង៤ប្រការ (អាយុ វណ្ណៈ សុខៈ និងពលៈ)៕  

សាកលវិទ្យាល័យបញ្ញាសាស្រ្ត ប្រារព្ធទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ 
សាកលវិទ្យាល័យបញ្ញាសាស្រ្ត ប្រារព្ធទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត