រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៧ កក្កដាថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមនេះ ការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយថា អ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីរុស្ស៊ី ហើយចាំបាច់ត្រូវមានលទ្ធភាពការពារខ្លួន ហើយថាសហរដ្ឋអាម៉េរិកនឹងបញ្ជូនអាវុធការពារជាចម្បង។ លោក ត្រាំ កាលពីថ្ងៃទី៤ ខែកក្កដា បានលើកឡើងថា អ៊ុយក្រែននឹងត្រូវការមីស៊ីល Patriot ដើម្បីការពារខ្លួន ប៉ុន្តែមិនបានលើកឡើងពីមីស៊ីលនេះម្ដងទៀតឡើយ។ លោក ត្រាំ គ្រាន់តែបានថ្លែងយ៉ាងដូច្នេះថា៖«យើងនឹងបញ្ជូនអាវុធបន្ថែមទៀត។ អ៊ុយក្រែនត្រូវតែអាចការពារខ្លួន ដោយសារឥឡូវនេះពួកគេកំពុងរងការវាយប្រហារយ៉ាងខ្លាំង»។

ការសម្រេចបញ្ជូនអាវុធបន្ថែមក៏កើតឡើងបន្ទាប់ពីលោក ត្រាំ បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាកាលពីសប្តាហ៍មុនជាមួយទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ លោក ត្រាំ បានឱ្យដឹងថា បន្ទាប់ពីការពិភាក្សាជាមួយលោកពូទីន លោកមានការខកចិត្តហើយមិនមានការរីកចម្រើនចំពោះបទឈប់បាញ់នោះទេ។ បន្ទាប់ពីការសន្ទនាតាមទូរសព្ទជាមួយលោក ត្រាំ កាលពីថ្ងៃទី៤ ខែកក្កដា លោក ហ្សេឡេនស្គី បានឱ្យដឹងថា លោកបានយល់ព្រមធ្វើការលើការបង្កើនសមត្ថភាពការពារដែនអាកាសរបស់រដ្ឋធានីកៀវ ដើម្បីឆ្លើយតបនឹងការវាយប្រហារកាន់តែខ្លាំងរបស់រុស្ស៊ី។ លោកក៏បានពិភាក្សាអំពីការផលិតអាវុធការពារជាតិរួមគ្នា ការទិញ និងការវិនិយោគលើវិស័យការពារជាតិជាមួយនឹងលោក ត្រាំ។ អ៊ុយក្រែនបាននឹងកំពុងស្នើសុំឱ្យរដ្ឋធានីវ៉ាស៊ីនតោនលក់មីស៊ីល Patriot និងប្រព័ន្ធអាវុធ ដែលជាគន្លឹះក្នុងការការពារខ្លួនពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី កាន់តែច្រើនឱ្យខ្លួន។

គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកគឺជាប្រទេសផ្តល់ជំនួយយោធាដ៏ធំបំផុតតែមួយគត់ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានពេញលេញក្នុងឆ្នាំ២០២២ ដោយផ្គត់ផ្គង់អ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស យន្តហោះគ្មានមនុស្សបើក ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត រ៉ាដា រថក្រោះ និងអាវុធប្រឆាំងពាសដែក។ គួររំឭកថា កាលពីខែមីនា លោក ត្រាំ បានបញ្ឈប់រាល់ការដឹកជញ្ជូនជំនួយយោធាទៅអ៊ុយក្រែន បន្ទាប់ពីមានជម្លោះនៅការិយាល័យប្រធានាធិបតីដ៏ក្ដៅគគុកជាមួយប្រធានាធិបតីអ៊ុយក្រែន។ ប៉ុន្តែ លោកបានបន្តរំហូរជំនួយទៅអ៊ុយក្រែនប្រហែលមួយសប្តាហ៍ក្រោយមក៕