
រាជធានីភ្នំពេញ៖ ក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា ដល់ខែមិថុនា មន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យ ហើយឃាត់បានរថយន្តផ្ទុកលើសទម្ងន់កំណត់ ប្រមាណ៤០ម៉ឺនគ្រឿង។

កាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០២៥ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំឆមាសទី១ ឆ្នាំ២០២៥។ តាមរបាយការណ៍ក្នុងកិច្ចប្រជុំបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ មានរថយន្តសរុបជាង១,៦លានគ្រឿង ត្រូវបានមន្រ្តីជំនាញចុះត្រួតពិនិត្យក្រោយសង្ស័យថាផ្ទុកលើសទម្ងន់។ ក្នុងចំណោមរថយន្តដែលមន្រ្តីជំនាញបានត្រួតពិនិត្យទាំងអស់ មានរថយន្តជាង៤០ម៉ឺនគ្រឿង រកឃើញផ្ទុកលើសទម្ងន់កំណត់។

គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់ ត្រូវអនុញ្ញាតតាមប្រភេទយានយន្ត ដូចជាយានយន្តភ្លៅ២ ទម្ងន់អនុញ្ញាត១៦តោន យានយន្តភ្លៅ៣ ទម្ងន់អនុញ្ញាត២៥តោន យានយន្តភ្លៅ៤ ទម្ងន់អនុញ្ញាត៣០តោន យានយន្តសណ្តោងរ៉ឺម៉កមានភ្លៅ៥ ទម្ងន់អនុញ្ញាត៤០តោន និងយានយន្តសណ្តោងរ៉ឺម៉កមានភ្លៅ៦ ឡើងទៅទម្ងន់អនុញ្ញាត៤៥តោន។ លោក សេង ឈួន ណែនាំដល់មន្ត្រីតាមស្ថានីយនីមួយៗត្រូវខិតខំបន្តរឹតបន្តឹងការអនុវត្តការងារទប់ស្កាត់បទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើរ អនុវត្តការងារឱ្យបានខ្ជាប់ខ្ជួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ និងអនុលោមតាមច្បាប់៕




