
ក្រុងព្រៃវែង៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យទី៦កក្កដានេះ បានដឹកនាំក្រុមការងារផ្ទាល់ នាំយកការងារប្រមាណជិត១ម៉ឺនកន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករក្នុងខេត្តព្រៃវែង ដែលទើបនឹងត្រឡប់មកពីប្រទេសថៃ ដើម្បីជួយសម្រាលបន្ទុកបងប្អូនឱ្យមានភាពប្រសើរឡើយ...។

លោក ហេង សួរ បានបញ្ជាក់នៅមុខប្រជាពលរដ្ឋថា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ប្រជាពលរដ្ឋ ពិសេសបងប្អូនពលករដែលទើបនឹងត្រឡប់មកពីប្រទេសថៃ ក្នុងស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង នឹងទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៨ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជិត១ម៉ឺនកន្លែង។ មិនចំពោះតែខេត្តព្រៃវែងទេ នៅមានការងារជាច្រើនម៉ឺនកន្លែងទៀត ក៏ត្រូវបាននាំយកទៅផ្ដល់ជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តជាច្រើនទៀតដែរ។ ជាមួយការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល លោក ហេង សួរ បានប្រកាសទទួលស្វាគមន៍គ្រប់ពេលវេលាចំពោះបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ដើម្បីរួមកម្លាំងកសាងសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនទៅមុខ ខណៈកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មជាច្រើនម៉ឺនកន្លែង។

ក្រៅពីការនាំយកការងារដល់ផ្ទះប្រជាពលរដ្ឋ ក្រសួងការងារ ក៏នៅតែបន្តដាក់មន្រ្តីប្រចាំការនៅគ្រប់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីផ្ដល់ឱកាសការងារច្រើនសន្ធឹកសន្ធាប់ដល់បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីថៃឱ្យទទួលបានការងារភ្លាមៗ ក៏ដូចជាទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល។ សូមរំឭកថា ក្រោយភាពតានតឹងជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ មិនមានសញ្ញាធូរស្រាល និងមានការរើសអើងពីសំណាក់ប្រជាជនថៃលើពលករខ្មែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនពលករខ្មែរទាំងអស់ សូមវិលត្រលប់មកកម្ពុជាវិញ ព្រោះកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើន ហើយរាជរដ្ឋាភិបាលនឹងចាំជួយសម្របសម្រូលគ្រប់យ៉ាងដែលប្រជាពលរដ្ឋត្រូវការ៕




