៣ថ្ងៃទៀត កម្មកររោងចក្រ Y&W នឹងទទួលបានប្រាក់ខែ ក្រោយក្រសួងលក់ឡៃឡុងទ្រព្យសម្បត្តិរោងចក្រ
ហ៊ែល កំសាន
20 មីនា 2024 09:45 AM

រាជធានីភ្នំពេញ៖ អស់រយៈពេលជាង១សប្តាហ៍មកហើយ ដែលកម្មកររោងចក្រ Y&W ទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល ក្រោយពីពួកគេបានប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវ។ យ៉ាងណា ការតវ៉ានោះ គឺដើម្បីស្នើរឱ្យក្រសួងការងារជួយអន្តរាគមន៍និងរកដំណោះស្រាយដ៏សមស្របសម្រាប់ពូកគេ លើការទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត...។

ការព្យាយាមរបស់ក្រុមកម្មករ-កម្មការិនី ពិតជាទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល ពោលគឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ កម្មករ-កម្មការិនីទាំងអស់នឹងទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដោយក្រសួងបានចេញមុខអះអាងថា មានប្រាក់តម្កល់គ្រប់គ្រាន់ បន្ទាប់ពីទទួលបានប្រាក់កក់ពីអ្នកដេញថ្លៃទ្រព្យសម្បត្តិ និងសម្ភាររបស់រោងចក្រ។ នេះយោងតាមលិខិតចេញដោយក្រសួងការងារនៅថ្ងៃទី២០មីនា។ ក្នុងលិខិតដដែលនោះ ក្រសួងការងារ បានជូនដំណឹងដល់កម្មករ-កម្មការិនីរោងចក្រ Y&W ឱ្យនាំគ្នាទៅរង់ចាំបើកប្រាក់ឈ្នួលនៅសាលាខណ្ឌដង្កោ ដែលមានអាសយដ្ឋាន ផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះពេលវេលា គឺចាប់ពីម៉ោង៨ព្រឹកថ្ងៃសៅរ៍ទី២៣ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានោះ ក្រសួងបានបញ្ជាក់ពីឯកសារមួយចំនួនដែលកម្មករត្រូវយកជាប់ខ្លួនរួមមាន៖ ទី១.បណ្ណសម្គាល់ខ្លួនកម្មករនិយោជិត ជាច្បាប់ដើម ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។ ទី២.បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ ប្រសិនបើមាន បងប្អូនកម្មករ-កម្មការិនីអាចយកតាមខ្លួនបាន។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០មីនានេះ កម្មករ-កម្មការិនីរោងចក្រ Y&W បានប្រមូលផ្តុំគ្នាជាថ្មីម្ដងទៀត ដើម្បីតវ៉ាបិទផ្លូវនៅត្រង់ចំណុចស្ដុបបាគូ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈការតវ៉ាគឺដើម្បីទាមទារបើកប្រាក់ខែ ដោយពួកគេលើកឡើងថា ក្រុមហ៊ុនសន្យាបើកប្រាក់ខែឱ្យនៅថ្ងៃនេះ ប៉ុន្ដែមិនទាន់ទទួលបានតាមកាលកំណត់។ យ៉ាងណា ក្រសួងការងារបានច្រាលព័ត៌មានបើកប្រាក់ខែខាងលើ ថាជារឿងមិនពិតទេ អ្នកផ្សព្វផ្សាយមានចេតនាបង្កប់នូវភាពទុច្ចរិត និងញោះញុង...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត