
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសមាជ របស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) អាណត្តិទី៨ ឆ្នាំ២០២៤-២០២៧ រៀបចំឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអំពាវនាវដល់ថ្នាក់ដឹកនាំសហជីព និងសមាជិក សមាជិកា បន្តចូលរួមជាមួយក្រសួង ជំរុញឱ្យគ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវចុះបញ្ជី ប.ស.ស.។

ថ្លែងក្នុងពិធីនោះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំសហជីព និងសហភាពសហជីព សមាជិក សមាជិកា ថា ត្រូវចូលរួមជាមួយក្រសួងការងារ ដើម្បីផ្សព្វផ្សាយ និងជំរុញសមាជិក សមាជិកា និងសាច់ញាតិ ឱ្យចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ជាមួយគ្នានោះ ភាគីពាក់ព័ន្ធរបស់សហជីព ត្រូវបន្តចូលរួមជាមួយក្រសួង ដើម្បីជំរុញឱ្យគ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ចុះបញ្ជី ប.ស.ស. ហើយត្រូវរួមគ្នាផ្សព្វផ្សាយអំពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការយកលុយជាថ្នូរនឹងការទទួលបានការងារធ្វើជាដើម។

ក្រៅពីនោះ លោករដ្ឋលេខាធិការ ក៏បានជំរុញថ្នាក់ដឹកនាំសហជីព សហព័ន្ធសហជីព និងដៃគូទាំងអស់ ខិតខំបន្តទៀតក្នុងកិច្ចសហការ និងការបង្រួបបង្រួមគ្នាឱ្យបានទ្រង់ទ្រាយកាន់តែធំ មានសមាជិកកាន់តែច្រើន មានកម្លាំងខ្លាំងពិតប្រាកដ និងមានប្រសិទ្ធភាពខ្ពស់ក្នុងភាពជាតំណាងឱ្យឆន្ទៈជាក់ស្តែងរបស់បងប្អូនកម្មករនិយោជិតទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ បើតាមក្រសួង សមាជ របស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) អាណត្តិទី៨ ពិតជាបានបង្ហាញឱ្យឃើញច្បាស់នូវការរួបរួមគ្នារបស់សហជីព និងការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងបង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទបញ្ញត្តិច្បាប់នៃកម្ពុជា៕




