
រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទ្បើងថា ការធ្វើទេសន្តរប្រវេសន៍មួយដែលជោគជ័យ គឺត្រូវការភាគីប្រាំរីករាយ និងសប្បាយចិត្តដែលរួមមាន៖ ១.ភាគីរដ្ឋាភិបាលនៃប្រទេសបញ្ជូន, ២.រដ្ឋាភិបាលនៃប្រទេសទទួល, ៣.ក្រុមហ៊ុនជ្រើសរើសពលករនៃប្រទេស, ៤.បញ្ជូនក្រុមហ៊ុនឯកជននៃប្រទេសទទួល, និង៥.ទេសន្តរប្រវេសនករ…។

ការថ្លែងនេះ ធ្វើទ្បើងនាឱកាសឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៦មិថុនា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងគិតគូរដល់ទេសន្តរប្រវេសនករធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាពទទួលបានកិច្ចគាំពារពីរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍ជាអតិបរមា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់។ ជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យទីភ្នាក់ងារជ្រើសរើសឯកជននៅកម្ពុជា គោរពនូវក្រមសីលធម៌ និងអនុលោមភាពបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីឱ្យការជ្រើសរើសពលករបម្រើការងារនៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

សូមជម្រាបថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ នេះ នឹងផ្តល់ឱកាសដល់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ទាំងអស់យល់ដឹងកាន់តែច្បាស់អំពីច្បាប់បទបញ្ញតិ្ត និងគោលនយោបាយដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករទេសន្តរប្រវេសន៍ និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអនុវត្តគោលការណ៍ជ្រើសរើសដោយយុត្តិធម៌ និងក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា។ គួរឱ្យដឹងដែរថា ទេសន្តរប្រវេសន៍ មានន័យថាសំដៅលើចល័តភាពរបស់មនុស្សចេញពីទីលំនៅ ដែលខ្លួនរស់នៅដោយឆ្លងព្រំដែនអន្តរជាតិ ឬនៅក្នុងប្រទេស៕





