
រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានកោតសរសើរ និងគូសបញ្ជាក់ថា យុវសិក្ខាកាមទាំង១០៥រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ នឹងក្លាយជាវីរបុរសសម្រាប់គ្រួសារ តាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះ...។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានបញ្ជាក់ពីមូលហេតុថា ការជ្រើសរើសវគ្គសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់យុវជនទាំងអស់ ជាជម្រើសមួយដ៏ត្រឹមត្រូវដែលធ្វើឱ្យយុវសិក្ខាកាមទាំងអស់មានជំនាញជាក់លាក់ក្នុងជីវិត ហើយមានចំណូលទ្រទ្រង់ជីវភាពគ្រួសារ និងជីវភាពខ្លួនផ្ទាល់ ព្រោះជំនាញដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។ ឯកឧត្តមសង្កត់ធ្ងន់ថា៖«ពូ..សូមកោតសរសើរក្មួយ ដែលបានឆ្លងកាត់ជីវភាព និងជួបការលំបាកជាច្រើន ប៉ុន្តែជម្នះមកសិក្សាជំនាញវិជ្ជាជីវៈ ហើយកំពុងមានការងារបន្ថែមទៀតនោះ គឺជាមោទនភាពសម្រាប់ខ្លួនឯង គ្រួសារ សង្គមជាតិ និង[ពូ]ផ្ទាល់ ហើយពូ..ជឿថា ក្មួយៗ..គឺជាវីរបុរសសម្រាប់គ្រួសារតាមរយៈជំនាញ និងការងារសមរម្យ»។

ទន្ទឹមគ្នានោះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការមិត្តសំឡាញ់ ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាកឱ្យទទួលបានជំនាញជាក់លាក់ក្នុងជីវិត និងមានការងារសមរម្យស្របទៅនឹងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស យុវជនគោលដៅមកពីគ្រួសារក្រីក្រចំនួន១,៥លាននាក់ឱ្យមានជំនាញ និងមានការងារសមរម្យក្នុងគោលដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕







