ស្ពានជ្រៃធំ តភ្ជាប់ផ្នែកសង្គម និងវប្បធម៌រវាងប្រទេសកម្ពុជា-វៀតណាម
S
Sreyleak Yith
06 កក្កដា 2025 06:30 AM

ក្រុងតាខ្មៅ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥កក្កដា បានឱ្យដឹងថា ស្ពានជ្រៃធំ មិនត្រឹមតភ្ជាប់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែស្ពានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនមួយនេះ បានទាំងជួយតភ្ជាប់ផ្នែកសង្គម និងវប្បធម៌រវាងប្រទេសកម្ពុជា-វៀតណាមផងដែរ...។

មន្ត្រីក្រសួងសាធារណការ គូសបញ្ជាក់ថា ស្ពានជ្រៃធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល មានប្រវែង៤២៨ម៉ែត្រ ស្ពានជ្រៃធំ ជាស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម វាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញនិងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម។ លើសពីនេះ វាក៏បានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើនផងដែរ។ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមថា ស្ពានជ្រៃធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ដោយចំណាយថវិកាអស់១៥,៨១១លានដុល្លារអាម៉េរិក និងការសាងសង់ប្រើរយៈពេល២៧ខែ។ ពេលដែលមិនទាន់មានការសាងសង់ស្ពាននេះ ការដោះដូរទំនិញរវាងប្រជាពលរដ្ឋប្រទេសទាំងពីរមានការលំបាកខ្លាំង ព្រោះត្រូវធ្វើតាមរយៈទូកចម្លងទៅវិញទៅមក។ ប៉ុន្តែបច្ចុប្បន្ន ស្ពានជ្រៃធំ បានជួយសម្រួលដល់ការផ្លាស់ប្ដូរទំនិញរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ខេត្តកណ្តាល និងស្រុកឡុងប៊ិញ ខេត្តមាត់ជ្រូក កម្ពុជាក្រោម ឬវៀតណាមហៅថា (ខេត្តអានយ៉ាង An Giang) ដែលសុទ្ធតែជាស្រុកមានអំណោយផលខ្ពស់ក្នុងការដាំដុះបន្លែបង្ការផ្សេងៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត