ប្រាសាទតាមាន់ធំជាកម្មសិទ្ធិរបស់អ្នកណា? កម្ពុជាផ្អែកលើផែនទីផ្លូវការ ថៃវិញបែរជាប្រើផែនទីគូសខ្លួនឯង
Mao Sopha
05 កក្កដា 2025 05:00 AM

រាជធានីភ្នំពេញ៖ ឡើងកាន់តំណែងរដ្ឋមន្រ្តីក្រសួងវប្បធម៌បានតែមួយថ្ងៃ លោកស្រី ផែថងថាន ឈិនៈវ័ត ដែលទើបត្រូវតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្រ្តី ក៏ស្រាប់តែនិយាយយកប្រជាប្រិយភាពពីប្រជាជនរបស់ខ្លួន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យ និងដែនដីរបស់ថៃ។ មិនបង្អង់យូរ! ក្រសួងវប្បធម៌កម្ពុជា ដែលមានលោកស្រី ភឿង សកុណា ជារដ្ឋមន្រ្តីក៏ចេញមកបដិសធភ្លាមៗតែម្តង។ 

លោកស្រី ផែថងថា និងលោកស្រី ភឿង សកុណា
លោកស្រី ផែថងថា និងលោកស្រី ភឿង សកុណា

មិនមែនជារឿងថ្មីឡើយ! កន្លងមក ភាគីថៃ តែងអះអាងថា ក្រុមប្រាសាទតាមាន់ (មានប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ) រួមទាំងតំបន់ផ្សេងទៀត ជាកម្មសិទ្ធិរបស់ខ្លួន និងស្ថិតក្នុងដីខ្លួន។ អ្វីដែលជាសំអាងរបស់ភាគីថៃ មិនមែនជាផែនទីដែលគូសរួមគ្នាឡើយ តែជាផែនទីដែលថៃគូសខ្លួនឯង ឬហៅថា ផែនទីគូសជាឯកតោភាគី។ តាមរយៈសេចក្តីប្រកាសព័ត៌មានចេញនៅយប់ថ្ងៃទី៤កក្កដា ក្រសួងវប្បធម៌កម្ពជា បំភ្លឺថា ការប្រើប្រាស់ផែនទីគូសជាឯកតោភាគី ពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលកម្ពុជា-ថៃបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ (មួយលើពីររយពាន់) ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។

ប្រាសាទតាមាន់ធំ
ប្រាសាទតាមាន់ធំ

សន្ធិសញ្ញាបារាំង-សៀម អាចចាត់ទុកជាឯកសារផ្លូវការ ក្នុងការយកមកដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ព្រោះជាឯកសារដែលធ្វើរួមគ្នា និងមានទទួលស្គាល់ជាអន្តរជាតិ មិនមែនជាឯកសារធ្វើតែម្នាក់ឯង។ សូមរម្លឹកខ្លីថា បារាំង បានចុះសន្ធិសញ្ញានេះជាមួយសៀម ជំនួសកម្ពុជា ដោយសារកាលនោះ បារាំងដាក់អាណាព្យាបាលលើកម្ពុជា។ ក្នុងជំនាន់នោះ ថៃនៅមានឈ្មោះថាសៀម។ ចំពោះថៃវិញ បែរជាប្រើប្រាស់ផែនគូសខ្លួនឯង ហើយមកដោះស្រាយជម្លោះទឹកដីជាមួយកម្ពុជា។ ផែនទី ឬឯកសារដែលធ្វើឡើងដោយខ្លួន ដើម្បីយកមកដោះស្រាយជាមួយប្រទេសជិតខាងបែបនេះ មិនមែនជាក្រឹតក្រមនៃច្បាប់អន្តរជាតិឡើយ។ 

រូបបង្ហាញពីតំបន់មុំបុំ (មានកម្ពុជា ថៃ និងឡាវ) 
រូបបង្ហាញពីតំបន់មុំបុំ (មានកម្ពុជា ថៃ និងឡាវ) 

ក្រសួងវប្បធម៌កម្ពុជា បញ្ជាក់ថា ផ្អែកលើមូលដ្ឋាននៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្ដរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជារួចហើយដែរ។ ជាចុងក្រោយ ក្រសួងវប្បធម៌កម្ពុជា អំពាវនាវឱ្យក្រសួងវប្បធម៌ថៃ គោរពគោលការណ៍អន្តរជាតិដែលមានជាធរមាន។ 

Google Maps បង្ហាញប្រាសាទតាមាន់ធំស្ថិតក្នុងដីខ្មែរ
Google Maps បង្ហាញប្រាសាទតាមាន់ធំស្ថិតក្នុងដីខ្មែរ

គួរដឹងរឿងមួយទៀត! ថ្មីៗនេះ ភាគីថៃ ខឹងច្រឡោតតោតតូងជាមួយនឹង Google Maps ដែលដាក់តំបន់ប្រាសាទតាមាន់ធំ ចូលមកក្នុងបន្ទាត់ព្រំដែនខាងកម្ពុជា បញ្ជាក់ថា ប្រាសាទនេះស្ថិតក្នុងដីកម្ពុជា។ ស្ថាប័នជំនាញថៃ ប្រកាសថា នឹងរៀបចំកិច្ចពិភាក្សាជាមួយតំណាងក្រុមហ៊ុន Google ដើម្បីសុំឱ្យកែប្រែឡើងវិញ។ ប្រាសាទតាមាន់ធំ ស្ថិតក្នុងចំណោមតំបន់ទាំង៤ ដែលកម្ពុជារៀបចំជាពាក្យបណ្តឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយកាត់ក្តីថា កម្ពុជា ឬថៃ ដែលជាម្ចាស់កម្មសិទ្ធិ។ តំបន់៣ទៀត រួមមាន ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គេងឿងឆ្ងល់ថា បើជាដី ឬជាប្រាសាទរបស់ខ្លួន ហេតុអ្វីថៃមិនហ៊ានឡើងតុលាការអន្តរជាតិជាមួយកម្ពុជា?

អគារ ICJ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់
អគារ ICJ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត