
សុខភាព៖ មុន គឺជាបញ្ហាស្បែកមួយដែលគ្រប់គ្នាចង់គេចឱ្យផុត តែបញ្ហាមុននេះកើតនៅស្ទើរគ្រប់វ័យ និងបង្កដោយសារមូលហេតុផ្សេងៗ អាចកើតមាននៅផ្នែកផ្សេងៗនៃរាងកាយ តួយ៉ាងដូចជា[ខ្នង]ហើយចំពោះវិធីព្យាបាលមុនខ្នងនេះដែរ មានរបៀប៥យ៉ាងដូចខាងក្រោម...។

ទី១.របបអាហារ៖ ប្រសិនបើលោកអ្នកជាប្រភេទងាយឡើងមុន អាហារមួយចំនួនអាចជាមូលហេតុនៃការបង្កឱ្យមានមុនខ្នង។ ការសិក្សាបង្ហាញថា អាហារដែលធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿនអាចធ្វើឱ្យបញ្ហាមុនកាន់តែធ្ងន់ធ្ងរ។ អាហារទាំងនោះរួមមាន នំប៉័ង បាយ និងដំឡូងបារាំង។ ទី២.ងូតទឹកក្រោយហាត់ប្រាណ៖ ការទុកឱ្យញើស និងធូលី ជាប់នឹងស្បែកយូរ ក្រោយពីហាត់ប្រាណរួចអាចជាមូលហេតុមួយ ដែលបង្កឱ្យមានមុនខ្នង។ ដូចនេះ គួរងូតទឹកភ្លាមៗក្រោយហាត់ប្រាណ និងបោកសម្អាតសម្លៀកបំពាក់ហាត់ប្រាណឱ្យបានទៀងទាត់។ ទី៣.ចៀសវាងកម្ដៅថ្ងៃ៖ កម្ដៅថ្ងៃអាចធ្វើឱ្យមុនកាន់តែខ្មៅជាងមុន និងបង្កឱ្យមានស្នាមនៅលើខ្នង។ ដូចនេះ គួរលាបឡេការពារកម្ដៅថ្ងៃពេលចេញទៅក្រៅ។ នេះមិនត្រឹមតែជួយបន្ថយបញ្ហាមុនទេ នៅអាចការពារស្បែកពីការខូចខាតដោយកម្ដៅថ្ងៃ និងបង្ការជំងឺមហារីកស្បែកបានដូចគ្នា។

ទី៤.ចងសក់៖ សម្រាប់ស្រីៗសក់វែង អាចបន្ថែមជាតិខ្លាញ់ និងធូលីទៅលើស្បែកនៅខ្នង និងបង្កឱ្យមានមុន។ ការកក់សក់ជាប្រចាំ និងចងសក់ឡើង ពេលហាត់ប្រាណក៏អាចជួយបន្ថយបញ្ហាមុនខ្នងដែរ។ មួយវិញទៀត សាប៊ូកក់សក់ និងសាប៊ូបន្ទន់សក់ ក៏អាចធ្វើឱ្យស្ទះរន្ធញើស និងបង្កឱ្យមានមុន។ និងទី៥.ខាត់ស្បែក៖ ការប្រើប្រដាប់ខាត់ស្បែក ដែលមានអាស៊ីដសាលីស៊ីលិក អាចជួយកម្ចាត់នូវធូលីដី និងខ្លាញ់ចេញពីស្បែក អាចជួយកាត់បន្ថយបរិមាណកោសិកាងាប់ស្ទះនៅរន្ធញើស។ សូមជម្រាបថា ការកើតមានមុនលើខ្នងអាចបណ្ដាលមកពីមូលហេតុដូចជា៖ កត្តាហ្សេន ថ្នាំ អ័រម៉ូន ញើស និងស្ត្រេស៕ អត្ថបទដកស្រង់ពី Hello គ្រូពេទ្យ



