
រាជធានីភ្នំពេញ៖ ការស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សកូរ៉េ បានរកឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកូរ៉េធំៗចំនួនពីរនៅកម្ពុជា បាននិងកំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបង្កផលប៉ះពាល់ជាខ្លាំងដល់ប្រជាជនក្រីក្រ និងសហគមន៍ជនជាតិដើមភាគតិច។ នេះបើតាមក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េ Korean Transnational Corporations Watch (KTNC Watch) ដែលចុះផ្សាយដោយអង្គការសិទិ្ធមនុស្សមិនមែនរដ្ឋាភិបាលលីកាដូ។

របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ KTNC Watch បានរៀបរាប់យ៉ាងលម្អិតអំពីការស៊ើបអង្កេតរបស់ពួកគេ លើការរំលោភបំពានដែលបានប្រព្រឹត្តដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ (KB Prasac) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ូរីហ្វាយនែន (ខេមបូឌា) ភីអិលស៊ី (Woori Cambodia) ដែលត្រូវបានទិញដោយធនាគាររកូរ៉េធំៗក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាក់ស្តែង KNTC Watch បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងធ្វើបទសម្ភាសស៊ីជម្រៅដោយផ្ទាល់ជាមួយអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុទាំងពីរ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិដើមភាគតិច។ ពួកគេរៀបបានរាប់យ៉ាងលម្អិតអំពីគ្រោះថ្នាក់ និងផលលំបាកដែលពួកគេបានជួបប្រទះ ជុំវិញប្រាក់កម្ចីពីធនាគារប្រាសាក់ និងធនាគារអ៊ូរី។

របាយការណ៍បានរកឃើញថា បុគ្គលិកនៃធនាគារទាំងពីរបានល្បួងអតិថិជន និងផ្តល់ប្រាក់កម្ចីដល់ពួកគេក្នុងបរិមាណច្រើនហួសហេតុ ដោយជារឿយៗប្រើប្រាស់ដីជាវត្ថុបញ្ចាំ ដោយមិនគិតពីកម្រិតប្រាក់ចំណូលជាក់ស្តែងរបស់ក្រុមគ្រួសារ។ ដោយសារតែបំណុលមានអត្រាការប្រាក់ និងកម្រៃខ្ពស់ អ្នកខ្ចីមិនអាចទូទាត់ប្រាក់សងបំណុលវិញបានទេ។ ក្រោយមក មន្ត្រីឥណទាន បានអនុវត្តច្បាប់ធនាគារ ដោយដាក់សម្ពាធលើគ្រួសារដែលជាកូនបំណុល ដោយគំរាមប្តឹងប៉ូលិស ឬប្តឹងឱ្យជាប់គុកជាប់ច្រវាក់ជាដើម ធ្វើឱ្យពួកគេរងការអាម៉ាសមុខជាសាធារណៈ។ លើសពីនេះ មន្រ្តីឥណទានបានគំរាមពួកគេទៀតថា សាច់ញាតិគ្រួសារត្រូវតែសងបំណុលជំនួស ទោះបីជាអ្នកខ្ចីស្លាប់ដោយការធ្វើអត្តឃាតក៏ដោយ ដោយពួកគេត្រូវលក់ដី ឬខ្ចីប្រាក់ក្រៅផ្លូវការដើម្បីដោះបំណុល។

ក្រៅពីនេះ ករណីសិក្សាផ្សេងទៀតបានរៀបរាប់លម្អិតអំពីមន្ត្រីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងពីរខាងលើថា ពួកគេបានដាក់សម្ពាធលើអ្នកខ្ចីដែលមិនចេះអក្សរឱ្យទទួលយកប្រាក់ដ៏ច្រើន ដែលពួកគេគ្មានសង្ឃឹមក្នុងការទូទាត់សងវិញ។ នៅពេលគ្មានលុយសងធនាគារ ពួកគេត្រូវបង្ខំចិត្តឱ្យកូនឈប់សិក្សា និងទៅធ្វើការរកប្រាក់ជួយដោះបំណុលជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កូនបំណុលទាំងនោះរងនូវគំនាប និងការរំលោភបំពានផ្សេងៗ៕




