
រដ្ឋធានីណៃពិដោ៖ មីយ៉ាន់ម៉ា បានជូនដំណឹងជាផ្លូវការដល់ប្រធានអាស៊ានប្តូរវេនម៉ាឡេស៊ី ថា រដ្ឋធានីណៃពិដោ នឹងមិនគាំទ្រចំពោះការចូលជាសមាជិកគ្រួសារអាស៊ានរបស់ទីម័រខាងកើត នៅក្នុងខែតុលាខាងមុខនេះទេ...។

រដ្ឋធានីណៃពីដោ បានបញ្ជាក់ទៅប្រធានអាស៊ាននាពេលថ្មីៗនេះថា ទីម័រឡេស្តេ ឬទីម័រខាងកើត បានបរាជ័យក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ លិខិតដែលចុះហត្ថលេខាដោយ លោក ហាន វីនអ៊ុង (ဟန်ဝင်းအောင်) អគ្គនាយក និងជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃអាស៊ាន-មីយ៉ាន់ម៉ា បានរំលឹកឡើងវិញថា៖«ប្រសិនបើរដ្ឋាភិបាលទីម័រឡេស្តេ នៅតែបន្តបំពានយ៉ាងម៉ឺងម៉ាត់លើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា យើងត្រូវតែបដិសេធដាច់ខាតរាល់ការពិចារណាក្នុងការផ្ដល់សមាជិកភាពអាស៊ានដល់ទីម័រឡេស្តេ»។

លើសពីនេះ មីយ៉ាន់ម៉ាបានជំរុញឱ្យប្រធានអាស៊ាន និងលេខាធិការដ្ឋានអាស៊ានផ្អាកការពិចារណាលើនីរតិវិធីទាំងអស់ រហូតទាល់តែទីម័រឡេស្តេពិនិត្យឡើងវិញនូវវិធីសាស្ដ្ររបស់ខ្លួន និងបង្ហាញពីការប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការកែតម្រូវគោលនយោបាយរបស់ខ្លួន ចំពោះប្រទេសមីយ៉ាន់ម៉ា។ តាមពិតទៅ នៅក្នុងកិច្ចប្រជុំកំពូលទាក់ទងនឹងអាស៊ានកាលពីខែឧសភា បណ្តាមេដឹកនាំប្លុកនេះ បានយល់ព្រមទទួលស្គាល់ទីម័រឡេស្តេ ជាសមាជិកទី១១ នាចុងខែតុលាខាងមុខ ប៉ុន្តែគ្រានោះ តំណាងរបស់មីយ៉ាន់ម៉ា មិនបានធ្វើអត្ថាធិប្បាយលើបញ្ហាសមាជិកភាពរបស់ទីម័រឡេស្តេនោះទេ៕




