
រាជធានីភ្នំពេញ៖ ពេញ១ខែនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា មានសប្បុរសជនជិត៣០ម៉ឺននាក់ចូលរួមបរិច្ចាគ ដោយទទួលបានថវិកាប្រមាណ៥,៥លានដុល្លារអាម៉េរិក។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានចូលរួមបំផុសយុទ្ធនាការនេះផងដែរ។

យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»បានបើកជាផ្លូវការចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០មិថុនា ឆ្នាំ២០២៥ ដើម្បីរៃប្រាក់យកទៅផ្គត់ផ្គង់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។ ដ្បិតយុទ្ធនាការដល់ថ្ងៃត្រូវបញ្ចប់ក៏ពិតមែន ប៉ុន្តែសប្បុរសជន ដែលមានទឹកចិត្ត នៅតែអាចចូលរួមបរិច្ចាគបន្តបាន ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ការចូលរួមបរិច្ចាគ ដើម្បីគាំទ្រយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ឆ្នាំ២០២៥ គឺបង្ហាញថា សាធារណជន មានទឹកចិត្តសប្បុរស និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជា។

សូមជម្រាបថា «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរប្រាក់បន្ថែមពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រឡាញ់ដល់កុមារនៅកម្ពុជា។ ហើយនាពេលកន្លងទៅ យុទ្ធនាការនេះ ទទួលបានការគាំទ្រយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕





