
រាជធានីភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាប្រកាសរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជារយៈ៣០ថ្ងៃ រាប់ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីប្រមូលថវិកាពីសប្បុរសជន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

សេចក្ដីប្រកាសដដែលបង្ហាញថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្ដី ច្រើនក្ដី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្ដីស្រឡាញ់ដល់កុមារនៅកម្ពុជា។ យុទ្ធនាការនេះនិងត្រូវប្រកាសបើកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ហេតុនេះ មូលនិធិ អំពាវនាវដល់សាធារណជន សប្បុរសជន ក្រសួង-ស្ថាប័ន ក្រុមហ៊ុន-សហគ្រាសធនាគារដៃគូ តារាសម្ដែង និងបុគ្គលមាន ប្រជាប្រិយភាព ព្រមទាំងអង្គភាពសារព័ត៌មាននានា រួមទាំងទំព័រហ្វេសប៊ុក ឆាណែលតេលេក្រាម វិទ្យុ និងទូរទស្សន៍ទាំងអស់ចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា ឱ្យបានទូលំទូលាយ និងកាន់តែសកម្ម ដើម្បីឱ្យចលនានៃការបរិច្ចាគកាន់តែផុសផុល។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយដែលមូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតយុទ្ធនាការរៃប្រាក់ប្រាក់យកទៅផ្គត់ផ្គង់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ នាពេលកន្លងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាង ផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជា មន្ទីរពេទ្យជាតិដែលបាន និងកំពុងពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹង ចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ ៤០លានដុល្លារអាម៉េរិក៕




