
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមបរិច្ចាគក្នុងយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីកុមារកម្ពុជា រហូតដល់ថ្ងៃបញ្ចប់។ ដ្បិតសម្តេច ថាយុទ្ធនាការនេះទទួលបានការគាំទ្រជាខ្លាំងពីសប្បុរសជនចំនួន៧៥៨១៦នាក់ ត្រឹមរយៈពេលប្រាំថ្ងៃបន្ទាប់ពីផ្សព្វផ្សាយជាសាធារណៈ។ នេះបើតាមសំណេរលើតេឡេក្រាមផ្លូវការរបស់សម្តេចធិបតីនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

តាមរយៈសំណេរដដែលសម្តេចធិបតីបញ្ជាក់ថា ក្នុងនាមសម្តេចផ្ទាល់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិតជាមានមោទកភាពយ៉ាងខ្លាំង ចំពោះការចូលរួមដ៏ច្រើនលើសលប់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដ៏មានសារសំខាន់នេះ។ ជាក់ស្ដែង ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីពេលយុទ្ធនាការត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃ២៨ឧសភា រហូតដល់ថ្ងៃបើកយុទ្ធនាការជាផ្លូវការថ្ងៃទី១មិថុនា ឆ្នាំ២០២៤ គឺមានបងប្អូនប្រជាពលរដ្ឋចំនួន៧៥៨១៦នាក់ បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន ១៣៧០ពាន់ ៤៨២ ៧៦៣រៀល និង៦៣៤៣៣០ដុល្លារអាម៉េរិក។ ដ្បិតទទួលបានការគាំទ្រខ្លាំងពីរសាធារណជនយ៉ាងណាក្ដី តែសម្តេចនៅតែបន្តអំពាវនាវបន្ថែមយ៉ាងដូច្នេះថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ»។

ទន្ទឹមគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញការអរគុណចំពោះសប្បុរសជនដែលបានចូលរួមសប្បុរសធម៌។ សម្ដេចធិបតី ថ្លែងថា៖ «ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ខ្ញុំ និងភរិយា សូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី [ខ្មែរជួយខ្មែរ] ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ [១ម៉ឺនរៀល ១ម៉ឺននាក់] ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃទី០១មិថុនា ២០២៤ ម្សិលមិញនេះ»។

សូមរំឭកថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានប្រការបើកជាផ្លូវការ កាលពីថ្ងៃទី១មិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមវត្តមានលោកជំទាវទី១នៃកម្ពុជា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណអស់ពីដួងចិត្តជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដែលបានចូលរួមគាំទ្រ និងបរិច្ចាគក្នុងក្នុងយុទ្ធនាការយ៉ាងច្រើនលើសលប់។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បង្កើតឡើងដើម្បីរៃប្រាក់យកទៅផ្គត់ផ្គង់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ នាពេលកន្លងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជា មន្ទីរពេទ្យជាតិដែលបាននិងកំពុងពិនិត្យព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹងការ ចំណាយថវិកាប្រចាំឆ្នាំប្រមាណ៤០លានដុល្លារអាម៉េរិក៕












