មាន សូនីតា ទទួចឱ្យសប្បុរសជនបន្តបរិចា្ចថវិកាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកុមារកម្ពុជា
អុន សម្ផស្ស
07 មិថុនា 2023 07:00 AM

សិល្បៈ៖ តារាសម្តែងមិនសូវលេចមុខលើទំព័រសិល្បៈ កញ្ញា មាន សូនីតា ដែលមហាជនស្គាល់ថា រាជិនីក្រមា បានធ្វើការអំពាវនាវដល់សប្បុរសជននានា បន្តបរិច្ចាថវិកាជួយដល់ «មូលនិធិ-គន្ធបុប្ផាកម្ពុជា» តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកុមារកម្ពុជា ដែលកំពុងតែបន្តធ្វើពេញមួយខែមិថុនានេះ...។

តាមរយៈបណ្តាញសង្គម រាជិនីក្រមា រូបនេះ បានឱ្យដឹងនាថ្ងៃទី៦ម្សិលមិញយ៉ាងដូច្នេះថា៖ «ខែមិថុនា នេះ មូលនិធិ-គន្ធបុប្ផាកម្ពុជា បានរៀបចំយុទ្ធនាកា ១ម៉ឺនរៀល ១ម៉ឺននាក់ សូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាចូលរួមឱ្យបានច្រើនកុះករ នៅក្នុងយុទ្ធនាការមួយនេះ ដើម្បីស្នាមញញឹមកុមារ» ។ បន្ថែមលើនេះ កញ្ញាមាន សូនីតា បានគូសបញ្ជាក់ពីការលំបាករបស់កុមារនៅកម្ពុជារាប់ពាន់នាក់់ ដែលកំពុងទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ។ បើយើងគ្រប់គ្នាស្រមៃមើលថា គ្មានមន្ទីរពេទ្យនេះ តើពួកគេនឹងទៅជាយ៉ាងណា? កុមារ គឺជាអនាគតរបស់ប្រទេសជាតិ។ សូមជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលមូលនិធិ-គន្ធបុប្ផាកម្ពុជា បង្កើតយុទ្ធនាការរៃប្រាក់យកទៅផ្គត់ផ្គង់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ ហើយយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមាររកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរប្រាក់បន្ថែមពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រឡាញ់ដល់កុមារនៅកម្ពុជា។

គួរបញ្ជាក់ថា ទោះបីជាយុទ្ធនាការនេះមានរយៈពេលតែ៣០ថ្ងៃ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ តែមិនមែនមានន័យថា មូលនិធិឈប់ទទួលការបរិច្ចាគពីសប្បុរសជននោះទេ ដោយហេតុថា មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬប្រមាណ៤០លានដុល្លារអាម៉េរិកក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា។ ក្នុងន័យនេះ និងក្នុងស្មារតី «ខ្មែរជួយខ្មែរ» មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាអំពាវនាវដល់សប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត