
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមរាយការណ៍ពីករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ ខណៈល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី និងបែបទំនើប នៅតែត្រូវបានបន្តមានជនខិលខូចលួចប្រព្រឹទ្ធដោយមិនញញើតច្បាប់…។

បើតាមលោក ស សុខា ល្បែងស៊ីសងខុសច្បាប់បែបប្រពៃណី រួមមាន បៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងស៊ីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជា ឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទក្ដៅ ដែលត្រូវការការចូលរួមគាំទ្រជាចាំបាច់ពីសំណាក់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ នាពេលថ្មីៗនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល ត្រូវតែខិតខំជំរុញលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមរាយការណ៍ ករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែទទួលបានព័ត៌មាន និងឈានទៅបង្ក្រាបឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។

ក្រៅពីចូលរួមរាយការណ៍ពីករណីល្បែងស៊ីសងខុស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានប្រាប់ឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ផងដែរ ប្រសិនបើមានករណីឆកល្វែង ឬការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ណាមួយពីអាជ្ញាធរមូលដ្ឋាន។ លោកបន្តថា ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ដើម្បីរាយការណ៍ដោយផ្ទាល់ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៅកាន់អាជ្ញាធរ និងសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ ឬផ្ញើព័ត៌មាននោះ ទៅកាន់ហ្វេសប៊ុកថ្នាក់ដឹកនាំ ឬស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបថា ក្រៅពីប៉ះពាល់ដោយផ្ទាល់ចំពោះជនប្រព្រឹត្ត ក្រុមគ្រួសារ និងសង្គមក្នុងមូលដ្ឋាន បញ្ហាល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រឿងញៀន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកជាប្រភពនាំឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល។ ដូច្នេះសម្ដេចបានណែនាំដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះឱ្យបានជាប់ជាប្រចាំ និងកាន់តែសកម្មបន្ថែមទៀត៕




