
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារដល់ប្រជាជន និងអាជ្ញាធរថៃ មិនបាច់ស្នើកម្ពុជាឱ្យបើកច្រកព្រំដែនឡើងវិញទេ ព្រោះកម្ពុជាមិនមែនជាអ្នកបិទច្រកព្រំដែនមុនឡើយ។ ប៉ុន្តែអ្នកដែលអាជ្ញាធរ និងប្រជាជនថៃ ខ្លួនឯងត្រូវតែស្នើនោះ គឺជាអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ...។

សម្ដេចធិបតី គូសបញ្ជាក់ដូច្នេះ នៅរសៀលថ្ងៃទី២៩មិថុនា ឆ្នាំ២០២៥នេះ បន្ទាប់ពីកម្ពុជាបានទទួលលិខិតពីភាគីថៃ នៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ មួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជុំវិញសំណើខាងលើរបស់អាជ្ញាធរថៃ សម្ដេចនាយករដ្ឋមន្រ្តី បានឆ្លើយតប៤ចំណុច ដូច្នេះថា៖ ១.កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃ ដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន ទើបបានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបី កាលពីចុងខែឧសភា ឆ្នាំ២០២៥។ មិនបិទច្រកព្រំដែន ព្រោះកម្ពុជាមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃ និងខ្មែរតាមបណ្ដោយព្រំដែនទេ។

២.កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ ប៉ុន្តែកងទ័ពថៃ បានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី៧មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី២៤មិថុនា ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣.ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។

៤.ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃ ដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី៧មិថុនាកន្លងទៅ សម្រេចបើកច្រកព្រំដែនឱ្យដូចស្ថានភាពដើមជាឯកតោភាគីវិញ។ ពេលនោះ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាវិញយ៉ាងយូរបំផុត៥ម៉ោង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កូនសោនៃការបើកច្រកទ្វារព្រំដែន គឺស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ «ដូច្នេះ ចំពោះអាជ្ញាធរថៃ ក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញ មិនចាំបាច់ស្នើមកកម្ពុជាទេ ប៉ុន្តែសូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ព ឬអ្នកណានោះទេ) ឱ្យគេបើកច្រកព្រំដែនឱ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧មិថុនា និងត្រូវផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ! នោះអ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញ»៕



