ប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដើម្បីកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង
Mao Sopha
7 ខែមុន

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការយកចិត្តទុកដាក់ខ្ពស់លើសហគ្រាសធុនតូចនិងមធ្យម ព្រោះអាចជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ហេតុដូច្នេះ មេដឹកនាំកម្ពុជា ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម ឱ្យកាន់តែរីកចម្រើនបន្តទៀត និងប្រកបដោយចីរភាព។ 

ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នករកស៊ីក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម នាព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«កិច្ចការងារនេះ សំខាន់ណាស់ ដើម្បីពង្រឹងវិស័យឯកជន ក្នុងការជួយឱ្យកម្ពុជា ឱ្យមានសមត្ថភាព ឯករាជ្យភាព ម្ចាស់ការលើការផលិត និងការផ្គត់ផ្គងទីផ្សារបស់ខ្លួន»។  

រូបពីគេហទំព័រ៖ thebettercambodia
រូបពីគេហទំព័រ៖ thebettercambodia

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី កត់សម្គាល់ឃើញថា ពីមុន វិស័យសហគ្រាសធុនតូចនិងមធ្យម ធ្លាប់តែនៅក្រៅឆាក ឥឡូវ ប្រែមកជានៅលើឆាកសេដ្ឋកិច្ចកម្ពុជា។ សម្តេចលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយន្តការផ្សេងៗ ដើម្បីគាំទ្រ និងជួយឱ្យអ្នករកស៊ីក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម អាចអភិវឌ្ឍជំនួញរបស់ខ្លួនកាន់តែទំនើប ត្រូវតាមស្តង់ដា និងមានការរីកចម្រើន។ សម្តេច ប្រកាសសារផ្តល់ភាពកក់ក្តៅថា រាជរដ្ឋាភិបាលកម្ពុជា នៅជាមួយអ្នករកស៊ីក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមជានិច្ច៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត