ប្រមុខរាជរដ្ឋាភិបាលអះអាងថា កិត្យានុភាពកម្ពុជាត្រូវបានលើកតម្កើងលើឆាកអន្តរជាតិ ហើយពលរដ្ឋកាន់តែធូរធារ មានសេចក្តីសុខទាំងផ្លូវចិត្តទាំងផ្លូវកាយ
Mao Sopha
07 ឧសភា 2025 06:30 AM

រាជធានីភ្នំពេញ៖ «[..]ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ[នៅកម្ពុជា] ត្រូវបានរៀបចំឡើងប្រកបដោយសុវត្ថិភាព កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានលើកតម្កើងនៅលើឆាកអន្តរជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធូរធារ សេចក្តីសុខខាងផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបានធ្វើឱ្យប្រសើរឡើងជាលំដាប់» នេះស្ថានភាពខ្លះៗអំពីស្រុកទេសដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រំលេចឡើងក្នុងសារលិខិតផ្ញើជូនទៅកងកម្លាំងនគរបាលទាំងអស់ ក្នុងខួប៨០ឆ្នាំនៃការបង្កើតនគរបាលជាតិ...។

ប្រជាពលរដ្ឋ ថតជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីមួយនៅក្រុងតាខ្មៅ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ 
ប្រជាពលរដ្ឋ ថតជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីមួយនៅក្រុងតាខ្មៅ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ 

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ខាងមុខ គឺជាទិវាខួប៨០ឆ្នាំ នៃការបង្កើតនគរបាលជាតិ ដែលប្រសូតឡើងក្រោមស្នាព្រះហស្ត ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាវីរក្សត្រនៃកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា កងកម្លាំងនគរបាលទាំងអស់ បានលះបង់សព្វបែបយ៉ាង ដើម្បីប្រទេសជាតិ។ សម្តេចបន្តថា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិ បានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងជាកម្លាំងស្នូលមិនអាចខ្វះបាន ក្នុងការការពារសន្តិសុខជាតិ ស្ថិរភាពផ្ទៃក្នុង សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល មើលឃើញថា រយៈពេល៨០ឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិបានឆ្លងកាត់ឧបសគ្គ និងបញ្ហាប្រឈមដ៏ស្មុគស្មាញ

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ

ប្រមុខរាជរដ្ឋាភិបាល បានអរគុណ និងកោតសរសើរកងកម្លាំងនគរបាល ចំពោះការបង្កើតសមិទ្ធផលនានាជូនដល់ប្រទេសជាតិ។ យ៉ាងណា សម្តេចនៅតែលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប ឱ្យខិតខំបន្តតស៊ូ អត់ធ្មត់ និងលើកកម្ពស់សមត្ថភាព ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ សម្តេច បង្ហាញឱ្យឃើញសាជាថ្មីថា បច្ចុប្បន្ន កម្ពុជាកំពុងបន្តបោះជំហានទៅមុខ ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ មិនមែនតែសម្តេចនាយករដ្ឋមន្រ្តីនោះទេ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានសរសេរសារលិខិតអបអរសាទរដល់នគរបាលទូទាំងប្រទេសដែរ សម្រាប់ខួប៨០ឆ្នាំនេះ៕ 

រូបរាជធានីភ្នំពេញពីគេហទំព័រ៖ skyscrapercenter
រូបរាជធានីភ្នំពេញពីគេហទំព័រ៖ skyscrapercenter
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត