
រាជធានីភ្នំពេញ៖ សៀវភៅ និងឯកសារនានាពាក់ព័ន្ធនឹងខ្មែរ រាប់ទាំងប្រវត្តិសាស្ត្រខ្មែរផង មានមួយចំនួនធំ គឺបញ្ញវន្ត និងអ្នកស្រាវជ្រាវបរទេសជាអ្នកសរសេរ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចង់បានផ្ទុយពីនេះវិញ គឺចង់ឱ្យឯកសារអំពីខ្មែរ ពិសេសពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តខ្មែរ សរសេរចងក្រងឡើងដោយបញ្ញវន្ត អ្នកស្រាវជ្រាវ និងនិស្សិតជាកូនខ្មែរតែម្តង។ ជាមួយគ្នានេះ មេដឹកនាំកម្ពុជា ចង់ឃើញឯកសារតម្កល់តាមបណ្ណាល័យ សរសេរដោយកូនខ្មែរកាន់តែច្រើន ជាជាងនៅលើទឹកខ្លួនឯង ស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្លួនឯង តែបែរជាឯកសារទាំងនោះសរសេរដោយបរទេសទៅវិញ។

មិនមែនតែសៀវភៅប្រវត្តិសាស្រ្តខ្មែរឡើយ សៀវភៅផ្សេងទៀត ដូចជាអំពីសេដ្ឋកិច្ចខ្មែរ ជាដើម ក៏សរសេរដោយបរទេសដែរ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា កាលនៅរៀនក្រៅប្រទេស សម្តេចធ្លាប់ចូលទៅបណ្ណាល័យ ដើម្បីស្រាវជ្រាវរកសៀវភៅសរសេរដោយកូនខ្មែរ។ ជាលទ្ធផល សម្តេចរកឃើញសៀវភៅអំពីខ្មែរតិចតួចណាស់ ដែលសរសេរដោយកូនខ្មែរខ្លួនឯង។ សម្តេច លើកយកតែរឿងសេដ្ឋកិច្ចមួយមកធ្វើជាឧទាហរណ៍ថា ខ្មែរ ទៅស្រាវជ្រាវឯកសារអំពីសេដ្ឋកិច្ចខ្មែរខ្លួនឯង ដែលបរទេសជាអ្នកចងក្រងឱ្យ។

ម្ល៉ោះហើយ សម្តេចនាយករដ្ឋមន្រ្តី ជំរុញឱ្យកូនខ្មែរខិតខំសរសេរសៀវភៅ និងចងក្រងឯកសារដោយខ្លួនឯងឱ្យបានកាន់តែច្រើន។ សម្តេចប្រាប់បញ្ញវន្ត អ្នកសិក្សា និងប្រជាជនខ្មែរទូទៅថា ទោះបីជាបច្ចេកវិទ្យារីកចម្រើនយ៉ាងណា ក៏កុំភ្លេចឱ្យសោះ ការអាន ការស្រាវជ្រាវ និងការចងក្រងឯកសារ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រមុខរាជរដ្ឋាភិបាល បង្ហាញពីការមើលឃើញវែងឆ្ងាយដូច្នេះថា៖«ត្រូវរៀបចំទុកដាក់[ឯកសារ]ឱ្យស្រួលបួល ដើម្បីជាការសិក្សាបន្តទៀត។ ការសិក្សាស្រាវជ្រាវ ទោះជារាប់ពាន់ឆ្នាំ [ទោះ] ប្រែប្រួលផ្នែកបច្ចេកវិទ្យា ក៏មនុស្សនៅតែទៅមើលឯកសារដដែលទេ»។

ដោយយល់ឃើញថា ឯកសារមានសារសំខាន់ខ្លាំង សម្រាប់ការស្រាវជ្រាវរបស់កូនខ្មែរ សម្តេចធិបតី បានយល់ព្រមបរិច្ចាគនិក្ខេបបទរបស់សម្តេច ទាំងថ្នាក់អនុបណ្ឌិត ទាំងថ្នាក់បណ្ឌិត យកទៅតម្កល់នៅបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងវិទ្យាស្ថានជាតិអប់រំ។ ជាមួយគ្នានេះ សម្តេចអំពាវនាវជាថ្មី ដល់និស្សិតខ្មែរគ្រប់កម្រិត មិនថាសិក្សានៅក្នុងស្រុក ឬបានទៅសិក្សានៅក្រៅបរទេស ឱ្យចូលរួមបរិច្ចាគសារណា ឬនិក្ខេបបទរបស់ខ្លួន យកទៅតម្កល់នៅបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ដែរ ឬបណ្ណាល័យតាមសាកលវិទ្យាល័យ ឬបណ្តាល័យផ្សេងៗនៅក្នុងប្រទេស ដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវរបស់អ្នកដទៃ ពិសេសអ្នកជំនាន់ក្រោយ៕



