រាជធានីភ្នំពេញ៖ «អភិវឌ្ឍកន្លែងណា បំផ្លាញកន្លែងនោះ» ជាពាក្យរិះគន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ឮ ធ្លាប់ទទួលរាប់ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ន។ ការបំផ្លាញនេះ អ្នករិះគន់ចង់សំដៅលើការបំផ្លាញធនធានធម្មជាតិផ្សេងៗ ដូចជា បឹងបួ ព្រៃភ្នំ និងបរិស្ថាន ជាដើម។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មិនចង់ឱ្យមានទាល់តែសោះ ចំពោះការបំផ្លាញធនធានធម្មជាតិ ដោយសារការអភិវឌ្ឍ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន Conch Cement នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ផ្ញើសារមួយឃ្លាបង្ហាញពីជំហររបស់រាជរដ្ឋាភិបាល ហើយក៏ជាសារផ្ញើទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវចាំឱ្យច្បាស់ថា៖«មិនមែនយើងមិនឱ្យអភិវឌ្ឍនោះទេ តែត្រូវរក្សាតម្លៃធម្មជាតិនៃទីតាំងនោះ»។ មេដឹកនាំកម្ពុជា ហៅការអភិវឌ្ឍដោយគ្មានការប៉ះពាល់ដល់ធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ថាជាការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចនាយករដ្ឋមន្រ្តី មើលឃើញថា ការអភិវឌ្ឍទំនើបពេកនៅតំបន់ធម្មជាតិ នាំឱ្យបាត់បង់តម្លៃ និងសោភណភាពនៃតំបន់ធម្មជាតិនោះទៅវិញទេ។ សម្តេច និយាយពីអារម្មណ៍អ្នកស្រឡាញ់ធម្មជាតិថា គេចង់មើលធម្មជាតិ ទើបគេទៅលេងព្រៃភ្នំ តែទៅមើលឃើញតែផ្ទះថ្ម និងអគារខ្ពស់ៗដដែល គេមិនទៅនោះទេ គឺសុខចិត្តទៅរាជធានីភ្នំពេញ ឬទីក្រុងនៃខេត្តនានាវិញ។ ការមិនធ្វើអគារទំនើបៗ-ខ្ពស់ៗ និងការមិនអភិវឌ្ឍគម្រោងផ្សេងៗ នៅជិតតំបន់ធម្មជាតិ ត្រូវសម្តេចប្រើភាសាប្រៀបធៀប «កុំយកចង្ក្រាន ដាក់ជិតតុហូបបាយ ឬកុំធ្វើចង្ក្រាននៅជិតកន្លែងហូបបាយ»។

មើលឃើញដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល សម្រេចលុបគម្រោងអភិវឌ្ឍនានារបស់ឯកជន នៅលើភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ថែមទាំងតម្រូវឱ្យឯកជន កែប្រែគម្រោងអភិវឌ្ឍរបស់ខ្លួន នៅរមណីយដ្ឋានទេទឹកពុះ ខេត្តកំពង់ស្ពឺ ផងដែរ គឺមិនត្រូវសង់សណ្ឋាគារ ឬអគារ នៅជិតរមណីយដ្ឋាននេះពេកនោះទេ។ តាមការតម្រូវរបស់រាជរដ្ឋាភិបាល សំណង់ផ្សេងៗ ត្រូវសង់ឱ្យឆ្ងាយពីរមណីយដ្ឋានទេទឹកពុះនេះ យ៉ាងហោច១គីឡូម៉ែត្រ។

ក្រៅពីគិតអំពីធម្មជាតិ ការអភិវឌ្ឍ ក៏ត្រូវគិតអំពីប្រជាពលរដ្ឋផងដែរ (នេះជាគំនិតរបស់សម្តេចនាយករដ្ឋមន្រ្តីដដែល)។ សម្តេច សង្កត់ធ្ងន់ថា ការអភិវឌ្ឍ ត្រូវដាក់ផលប្រយោជន៍ និងជីវភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍ ជាគោលដៅអាទិភាព ហើយការអភិវឌ្ឍ ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ សម្តេចបន្ថែមមួយម៉ាត់ទៀតថា ការអភិវឌ្ឍ កុំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយសុខចិត្តកុំធ្វើ (កុំអភិវឌ្ឍ) បើធ្វើទៅបំផ្លាញប្រយោជន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
