
រាជធានីភ្នំពេញ៖ មេដឹកនាំកម្ពុជា ប្រកាន់ឥរិយាបថបែបនេះ ជាតិសាសន៍ដទៃ គិតយ៉ាងម៉េច ឬមានបំណងអ្វីលើកម្ពុជា មិនអាចហាមឃាត់បានឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺកម្ពុជាខ្លួនឯង យល់ព្រមឱ្យគេដើរខ្សែលើ ឬព្រមតាមអ្វីដែលគេចង់បានឬក៏អត់។ ក្នុងពិធីសម្ពោធសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្ញើសារទៅកាន់ប្រជាជនដូច្នេះថា៖«អ្វីដែលសំខាន់ យើងត្រូវបង្កើនសមត្ថភាព ពឹងផ្អែកលើខ្លួនឯង ម្ចាស់ការខ្លួនឯង ទើបគ្មានគេមើលងាយ»។

ជាមួយគ្នានេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានរំលេចពីសមត្ថភាពកូនខ្មែរនាពេលបច្ចុប្បន្នថា អាចសាងសង់ស្ពានអាកាស ស្ពានឆ្លងទន្លេ អគារខ្ពស់ៗ ដោយខ្លួនឯង ហើយក៏មានកូនខ្មែរជាវេជ្ជបណ្ឌិត និងជាគ្រូពេទ្យដែលអាចព្យាបាលជំងឺជូនប្រជាជនផងដែរ។ «យើងធ្វើអី ក៏មិនពឹងគេដែរ ទាល់តែយើងចេះខ្លួនឯង យើងចង់ម្ចាស់ការគ្រប់វិស័យ ទាល់តែកូនខ្មែរចេះគ្រប់វិស័យ បើមិនអ៊ីចឹងទេ យើងពឹងគេរហូត» នេះជាសារសំខាន់មួយទៀតរបស់មេដឹកនាំកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុកការខិតខំកសាងសមត្ថភាពកូនខ្មែរនេះ ថាផ្នែកមួយក្នុងការជួយពង្រឹកឯកភាពជាតិ ហើយក៏ជាការបង្ហាញពីទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដីផងដែរ។ លើសពីនេះ សម្តេចបានបង្ហាញពីវិធីមួយក្នុងការការពារទឹកដី នោះគឺ នៅតាមបណ្តោយព្រំដែន ត្រូវខិតខំបោះបង្គោល កសាងផ្លូវ បង្កើតរោងចក្រ និងជំរុញពលរដ្ឋឱ្យទៅសង់ផ្ទះរស់នៅឱ្យបានច្រើន។ សម្តេចប្រាប់ប្រជាជនឱ្យប្រកាន់យកគំនិតបែបនេះថា៖«កុំខ្លាចគេ គេចង់បាន ជារឿងរបស់គេ តែខ្ញុំមិនឱ្យតាមរយៈការពង្រឹងសមត្ថរបស់ខ្ញុំ និងតាមរយៈការទទួលខុសរបស់កូនខ្មែរ»៕






