ក្រុមប៉ូលិសស៊ើបអង្កេត កម្ពុជា-អូស្ត្រាលី រំដោះជនជាតិចិនម្នាក់ពីការឆបោកតាមអនឡាញ
អុន សម្ផស្ស
26 មិថុនា 2025 11:19 AM

រាជធានីភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានជំនាញ រវាងនគរបាលអូស្ត្រាលី និងនគរបាលជាតិកម្ពុជា បានជួសង្គ្រោះជនជាតិចិនហុងកុងម្នាក់ ដែលរងគ្រោះព្រោះក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅប្រទេសជប៉ុន រួចបន្តមកលាក់ខ្លួននៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីយប់ថ្ងៃទី២៥មិថុនា ឆ្នាំ២០២៥..។

រូបភាព៖ជនរងគ្រោះជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះ។ 
រូបភាព៖ជនរងគ្រោះជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះ។ 

ជនរងគ្រោះដែលអាជ្ញាធរជួយសង្គ្រោះមាន ឈ្មោះ L.W.T អាយុ១៩ឆ្នាំ កំពុងស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមសមត្ថកិច្ច ពេលដែលរងឃើញជនរងគ្រោះនោះ គឺស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ពោលគឺមិនមានសញ្ញាណរងគ្រោះដោយសារអំពើបង្ខាំង ធ្វើទារុណកម្ម ឬការចាប់ពង្រត់ណាមួយនោះឡើយ។ ក្រោមការស្រាវជ្រាវស៊ើបអង្កេត និងសួរនាំពីសមត្ថកិច្ចបង្ហាញថា ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅប្រទេស បោកបញ្ឆោត និងគម្រាមឱ្យចាកចេញពីប្រទេសអូស្ត្រាលី ធ្វើដំណើរទៅប្រទេសជប៉ុន។

សេចក្តីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។

ពេលជនរងគ្រោះធ្វើដំណើរទៅដល់ប្រទេសជប៉ុន តាមការហៅរបស់ក្រុមឧក្រិដ្ឋជន យុវជនជនជាតិចិននោះ ក៏ត្រូវសម្ដែង និងថតវីដេអូផ្ញើទៅឪពុកម្តាយថា ខ្លួនត្រូវបានចាប់ជំរិតដើម្បីយកប្រាក់ ទៅដោះស្រាយបញ្ហាដែលត្រូវសមត្ថកិច្ចកំពុងស៊ើបអង្កេត តាមការកុហករបស់ក្រុមឆបោក។ មុនចូលដល់កម្ពុជា នៅថ្ងៃទី១៨មិថុនា ឆ្នាំ២០២៥ ជនរងគ្រោះបានថតវីដេអូសម្ដែងថា ខ្លួនកំពុងត្រូវបានចាប់ជំរិតរួចទៅហើយ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសជប៉ុន។ ជាមួយគ្នានោះ ជនរងគ្រោះបានប្រគល់ទូរសព្ទទៅឱ្យទៅក្រុមឧក្រិដ្ឋជន ទំនាក់ទំនងទៅឪពុកម្តាយ ដើម្បីជំរិតទារប្រាក់ប្រមាណ៦០ម៉ឺនដុល្លារអាម៉េរិក

រូបតំណាង
រូបតំណាង

ក្រោយទទួលការគំរាម ឪពុកម្តាយជនរងគ្រោះបានផ្ញើប្រាក់ប្រមាណ៥៥០០ដុល្លារអាម៉េរិក ទៅឱ្យក្រុមឧក្រិដ្ឋជន រួចប្តឹងទៅសមត្ថកិច្ច។ ទើបក្រុមក្រុមឧក្រិដ្ឋជន បញ្ជា​ឱ្យជនរងគ្រោះប្តូរទីតាំងធ្វើដំណើរមកស្នាក់នៅកម្ពុជា នៅថ្ងៃទី១៩មិថុនា ដើម្បីរត់គេចពីការតាមចាប់។ តាមអាជ្ញាធរកម្ពុជា ករណីនេះ ត្រូវធ្វើឡើងដោយក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង ដែលមានបណ្តាញធ្វើសកម្មភាពនៅប្រទេសជប៉ុន ហើយបានប្រើប្រាស់គណនីធនាគារដែលមានមូលដ្ឋាននៅប្រទេសចិន សម្រាប់ទទួលផលបទល្មើស។ យ៉ាងណា ក្រោយជួយសង្គ្រោះ ជនជាតិចិនហុងកុងនេះ នឹងត្រូវបញ្ជូនទៅប្រទេសអូស្ត្រាលីវិញ តាមការស្នើសុំរបស់នគរបាលសហព័ន្ធអូស្ត្រាលី ក្រោយកម្ពុជាបញ្ចប់នីតិវិធី៕

រូបភាព៖ជនរងគ្រោះជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះ។ 
រូបភាព៖ជនរងគ្រោះជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះ។ 
រូបភាព៖ជនរងគ្រោះជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះ។ 
រូបភាព៖ជនរងគ្រោះជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះ។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត