
រាជធានីភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២៧មីនា បានជួបពិភាក្សាជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ដេរិក យីព (Derek Yip) លើកិច្ចការជាច្រើនពាក់ព័ន្ធការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសនិងប្រទេស..។

តាមរយៈជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអបអរលោក ដេរិក យីព ដែលត្រូវបានរាជរដ្ឋាភិបាលអូស្ត្រាលីផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ បន្ថែមលើកនោះ លោកចាត់ទុកថា ជំនួបទ្វេភាគីនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញ ការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ភាគីទាំងពីរ បានពិភាក្សាជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម ព្រមទាំងបទល្មើសផ្សេងទៀតដែលកម្ពុជា-អូស្ត្រាលី បានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ។

ក្រៅតែពីកិច្ចពិភាក្សាទាំងនោះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បង្ហាញការជឿជាក់ថា តាមរយៈបេសកកម្មនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ។ ជាពិសេសលោកមានជំនឿចិត្តខ្ពស់ថា ភាគីអូស្ត្រាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារ និងការបណ្តុះបណ្តាល ផ្សេងៗដល់មន្ត្រីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រីដែលអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម និងសម្ដែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ លោក ស សុខា លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្ត្រាលី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃផងដែរ៕





