កម្ពុជា ទទួលចំហាយព្យុះ«សេពផេត» នឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃ២៨មិថុនា
អុន សម្ផស្ស
មួយឆ្នាំមុន

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់លើផ្ទៃដីប្រមាណជាង ៣០ភាគរយ ដោយសារទទួលរងឥទ្ធិពលព្យុះទី២ក្នុងឆ្នាំ២០២៥។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម

ក្រសួងអះអាងថា៖«ព្យុះទី២ក្នុងឆ្នាំ២០២៥ ដែលមានឈ្មោះ សេពផេត (Sepat) នៅបន្តមានឥទ្ធិពលលើសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជា»។ យ៉ាងណា ក្រសួងអះអាងថា ព្យុះសេពផេតនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ប៉ុន្តែនឹងធ្វើឱ្យស្ថានភាព តំបន់វាលទំនាប មានខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រក្នុង១វិនាទី។

ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយរី​ឯតំបន់ខ្ពង់រាប មានខ្យល់បក់មកពីទិសនិរតីនឹងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣៥ភាគរយ

ដោយឡែក តំបន់មាត់សមុទ្រ មានខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០ភាគរយ ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ គួរជម្រាបថា«សេពផេត»ជាឈ្មោះព្យុះទីពីរ ហើយដែលមានឥទ្ធិពលបោកបក់តិចតួចចូលមកកម្ពុជា បន្ទាប់ពីព្យុះ«វូទីព» អស់ឥទ្ធិពល និងក្លាយទៅជាសម្ពាធទាបគ្របដណ្ដប់លើសមុទ្ទចិនខាងត្បូងតាំងតែពីថ្ងៃទី១៧មិថុនា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត