
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៤មិថុនានេះ បានផ្ញើសារទៅរាជរដ្ឋាភិបាលថៃ និងយោធោថៃ ថា ផ្ទះរបស់ខ្លួនឯងសុទ្ធតែសំរាម ប៉ុន្តែមកចង្អុលឱ្យគេបោសផ្ទះរបស់គេ។ អ្នកនាំពាក្យរូបនេះ បានចាត់ទុកសកម្មភាពរបស់ភាគីថៃ ជាទង្វើមួយដែលគួរឱ្យខ្មាសអៀនបំផុត។ លោក ប៉ែន បូណា មានប្រសាសន៍ដូច្នេះ បន្ទាប់ពីប៉ុន្មានថ្ងៃថ្មីៗនេះ រាជរដ្ឋាភិបាលថៃ ចាប់តាំងពីថ្នាក់រដ្ឋមន្រ្តី និងយោធាថៃ បាននិយាយមួលបង្កាច់លាបពណ៌មកលើប្រទេសកម្ពុជាជាច្រើន…។

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ឈិនៈវ័ត បានចេញមកប្រកាសជាសាធារណៈដោយចោទប្រកាន់កម្ពុជា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមបណ្ដាញអ៊ីនធឺណេត ហើយបានចាត់ទុកកម្ពុជា ជាមជ្ឈមណ្ឌលធំនៃឧក្រិដ្ឋកម្មមួយនៅក្នុងពិភពលោក ទាំងដែលប្រទេសថៃខ្លួនឯង កំពុងកើតមានរឿងអាស្រូវយ៉ាងក្ដៅគគុក។ បើតាម លោក ប៉ែន បូណា ប្រទេសកម្ពុជា មិនដែលបដិសេធថា គ្មានបញ្ហាការឆបោកតាមអនឡាញទេ។ កម្ពុជាទទួលស្គាល់ថា កម្ពុជាត្រូវបានក្រុមបណ្ដាញអ្នកប្រព្រឹត្តការឆបោកតាមអនឡាញប្រើប្រាស់ ខណៈកម្ពុជាជាប្រទេសរងគ្រោះមួយក្នុងចំណោមប្រទេសរងគ្រោះជាច្រើន ក្នុងនោះក៏មានប្រទេសថៃដែរ។ លោកថា កម្ពុជាបានធ្វើកិច្ចការបង្រ្កាប និងទប់ស្កាត់បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ហើយបានសម្រេចលទ្ធផលយ៉ាងច្រើន ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធានដឹកនាំយន្តការក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមអនឡាញ ព្រោះនាយករដ្ឋមន្រ្តីកម្ពុជា មានអំណាចពេញលេញក្នុងការដឹកនាំចាត់ចែងការងារ ដោយមិនចាំបាច់ត្រូវសុំយោបល់ពីយោធា ដូចប្រទេសថៃនោះទេ។

លោក ប៉ែន បូណា បន្តថា ប៉ុន្មានថ្ងៃមុន រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលសង្គមរបស់ថៃ បានបង្វែររឿងអាក្រក់ទាំងអស់ដែលកើតនៅក្នុងប្រទេសខ្លួនមកឱ្យកម្ពុជា ក្នុងចេតនាអាក្រក់ ប៉ុន្តែមិនបានប៉ុន្មានផង រឿងអាស្រូវបានផ្ទុះពេញប្រទេសថៃ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអនឡាញដែលគេបានរកឃើញសម្បុកមួយយ៉ាងធំ នៅលើទឹកដីថៃផ្ទាល់តែម្ដង។ មិនទាន់អស់ចិត្ត ម្សិលមិញ នាយករកដ្ឋមន្រ្តីថៃ ក៏បានចេញមកនិយាយដដែលៗ ដើម្បីបង្វែរស្ថានការណ៍ ដោយចោទកម្ពុជា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអនឡាញទាំងដែលកម្ពុជាមិនបានកើតមានរឿងអ្វីសោះ។ លោក ប៉ែន បូណា បានផ្ញើសារទៅភាគីថៃថា «ផ្ទះរបស់ខ្លួនឯងសុទ្ធតែសំរាម ប៉ុន្តែមកចង្អុលឱ្យគេបោសផ្ទះរបស់គេ..នេះជារឿងដែលកំពុងកើតនៅក្នុងប្រទេសថៃ ដូច្នេះ នេះគឺរឿងដែលគួរឱ្យខ្មាសអៀនណាស់ ដែលខ្លួនខំនិយាយបង្វែរបន្លប់ភាពអាម៉ាសរបស់ខ្លួន ទម្លាក់កំហុសមកលើកម្ពុជា ដោយគ្មានការទទួលខុសត្រូវ»។

អ្នកនាំពាក្យរូបនេះ ក៏បានបញ្ចើចបញ្ចើរឱ្យនាយករដ្ឋមន្រ្តីថៃ ជុំវិញការលើកឡើងរបស់លោកស្រី ថាថៃមានបំណងកាត់ផ្ដាច់អ៊ីនធឺណេត អគ្គិសនីមកកម្ពុជា ដើម្បីកុំឱ្យបម្រើបណ្ដាញរបស់ឧក្រិដ្ឋជនតាមអនឡាញ។«ខ្ញុំមិនដឹងថា លោកជំទាវនាយករដ្ឋមន្រ្តី ក្ដាប់រឿងមិនបាន ឬភ្លេច ដោយសារលោកជំទាវទទួលសំពាធនយោបាយផ្ទៃក្នុង ដែលត្រូវគេទាមទារឱ្យចុះចេញពីតំណែង។ តាមពិតសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសកាត់ផ្ដាច់យូរហើយតើ លោកជំទាវបាទ! ភ្លើង អ៊ីនធឺណេត លែងប្រើពីប្រទេសថៃហើយ កម្ពុជាបានកាត់ផ្ដាច់ខ្លួនឯង មេចទើបនិយាយ…នេះជារឿងដែលគួរអស់សំណើចមែនទែន»។ លោក ប៉ែន បូណា ថែមទាំងបានប្រើពាក្យថា រាជរដ្ឋាភិបាល និងយោធាថៃ មានជំនាញខាងមួលបង្កាច់ ទម្លាក់កំហុសលើអ្នកដទៃ ខណៈបញ្ហាព្រំដែនដែលកំពុងតានតឹងដាក់គ្នាមកដល់សព្វថ្ងៃ គឺដោយសារតែភាគីថៃជាអ្នកបង្ករឿងមុន៕



