វត្តពោធិ៍៥០០០ដើម ក្លាយជាជុំរុំភៀសខ្លួនពលរដ្ឋជាង១២០០គ្រួសារ ក្នុងពេលព្រំដែនកម្ពុជា-ថៃបន្តឡើងកម្តៅ
អុន សម្ផស្ស
មួយឆ្នាំមុន

ខេត្តព្រះវិហារ៖ធ្លាប់តែស្ងប់ស្ងាត់ «វត្តពោធិ៍៥០០០ដើម» ពេលនេះ ប្រែក្លាយទៅជាទីតាំងស្នាក់អាស្រ័យសម្រាប់ពលរដ្ឋជាង១២០០គ្រួសារ ស្មើជាង៣៨០០នាក់ ក្រោយស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែឡើងកម្តៅឥតឈប់ឈរ។ មានផ្ទៃដី១០០០ហិកតា ទិដ្ឋភាពក្នុងវត្តដែលរាប់បញ្ចូលទាំងកុដិ និងសាលារៀននានា ត្រូវប្រែក្លាយទៅជាទីស្នាក់នៅសម្រាប់មនុស្សក្មេងចាស់ ប្រុស-ស្រី ដែលស្ម័គ្រចិត្តភៀសខ្លួនដោយខ្លួនឯង ចេញពីភូមិក្បែរតំបន់មុំបី ជាតំបន់កងទ័ពកម្ពុជា-ថៃទើបផ្ទុះអាវុធដាក់គ្នា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋទាំង១២៨២គ្រួសារដោយផ្ទាល់នៅទីតាំង«វត្តពោធិ៍៥០០០ដើម»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋទាំង១២៨២គ្រួសារដោយផ្ទាល់នៅទីតាំង«វត្តពោធិ៍៥០០០ដើម»។

ព្រះតេជគុណ សៀន គុណលាភ ព្រះគ្រូចៅអធិការវត្តពោធិ៍៥០០០ដើម មានព្រះសង្ឃដីកាក្នុងកិច្ចសម្ភាសជាមួយ SBM News នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា ក្នុងចំណោមកុដិនានា ដែលអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនស្នាក់នៅ មានកុដិធំដ៏មួយ ​មានប្រវែងប្រមាណ៦០០ម៉ែត្រ។ ទោះយ៉ាងណា កុដិ និងសាលារៀន មិនអាចដាក់ប្រជាជនទាំងអស់ឡើយ។ ព្រះអង្គលើកឡើងថា ក្រៅពីស្នាក់នៅក្នុងកុដិ និងក្នុងសាលារៀន ប្រជាជនខ្លះ បានរៀបចំតង់ស្នាក់នៅដោយខ្លួនឯង។ ព្រះអង្គផ្តល់ព័ត៌មានថា ពលរដ្ឋខ្មែរនៅជាប់ព្រំដែនជួរមុខបានចាប់ផ្តើមភៀសខ្លួនមកស្នាក់នៅក្នុងវត្តតាំងតែពីថ្ងៃទី៨មិថុនា។

ព្រះតេជគុណ សៀន គុណលាភ ព្រះគ្រូចៅអធិការវត្តពោធិ៍៥០០០ដើម និង​ លោក ឆាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
ព្រះតេជគុណ សៀន គុណលាភ ព្រះគ្រូចៅអធិការវត្តពោធិ៍៥០០០ដើម និង​ លោក ឆាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

ព្រះគ្រូចៅអធិការវត្តពោធិ៍៥០០០ដើម បន្តទៀតថា ក្នុងការភៀសខ្លួនមកស្នាក់នៅទីតាំងសុវត្ថិភាពនេះ ពលរដ្ឋទាំងអស់មិនអាចយករបស់របរសព្វគ្រប់មកតាមទេ គឺពឹងផ្អែកទាំងស្រុងទៅលើកការជួយពីព្រះសង្ឃ មុនពេលជំនួយរបស់អាជ្ញាធរ និងសប្បុរសជនគ្រប់ទីជិតឆ្ងាយទៅដល់។ ព្រះតេជគុណ មានសង្ឃដីកាថា«[..]ដំបូងឡើយ [ពលរដ្ឋភៀសមក]មួយរយ ពីររយនាក់ មិនទាន់មាន[បញ្ហា]អីទេ អាត្មាចាត់ចែង..ទំនុកបម្រុងពួកគាត់ តាំងពីកន្ទេល ខ្នើយ មុង ភួយ កន្លែងស្នាក់អាស្រ័យ បន្ទប់ទាំងអស់[..]»

ទេសរដ្ឋមន្រ្តី លោក គន់ គីម  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះជួបពលរដ្ឋនៅក្នុងវត្ត។
ទេសរដ្ឋមន្រ្តី លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះជួបពលរដ្ឋនៅក្នុងវត្ត។

ទន្ទឹមនឹងការជួយដោយផ្ទាល់ពីវត្តពោធិ៍៥០០០ដើម ពលរដ្ឋចំណុះជើងវត្ត ក៏បានផ្តល់ជាបន្លែ ផ្លែឈើ ដល់អ្នកភៀសខ្លួនទាំងនេះផងដែរ​។ ព្រះអង្គមានថេរដីកាបន្ថែមថា«អាត្មាចេះតែប្រមូល ចេះតែប្រាប់គាត់ទៅថា មានអីខ្លះឱ្យជួយជ្រោមជ្រែងគ្នាមក បងប្អូនយើងដែលជួបសេចក្ដីលំបាក លោកមកស្នាក់អាស្រ័យទីកន្លែងសុវត្ថិភាព ដូច្នេះហើយបងប្អូនដែលនៅក្នុងស្រុកចិត្តធម៌ណាស់ លោកដឹកល្ពៅ ដំឡូង ចេក ត្រយូងចេក ត្រឡាច បន្លែ គ្រប់បែបគ្រប់យ៉ាងយកមកចែកបងប្អូនយើង[ភៀសខ្លួនហ្នឹង]»។ ដោយសារមានការជួយបន្ថែមពីប្រជាជនជុំវិញវត្ត ស្ថានភាព ក៏ប្រែជាល្អប្រសើរឡើង ទោះបីជាមានអ្នកភៀសខ្លួនកើនដល់១២៨២គ្រួសារក៏ដោយ។ ដោយសាររាជរដ្ឋាភិបាល សប្បុរសជន និងអាជ្ញាធរខេត្ត បានផ្តល់ជាជំនួយមនុស្សធម៌ជាបន្តបន្ទាប់ ស្ថានភាពពេលនេះល្អប្រសើរ និងមានទីតាំងសុខាភិបាលនៅទីនោះផ្ទាល់ថែមទៀត។  ​ 

ទិដ្ឋភាពពលរដ្ឋដែលភៀសខ្លួនមកស្នាក់នៅក្នុងវត្ត
ទិដ្ឋភាពពលរដ្ឋដែលភៀសខ្លួនមកស្នាក់នៅក្នុងវត្ត

បើតាមព្រះតេជគុណ ពលរដ្ឋដែលភៀសខ្លួន គឺស្នាក់នៅក្នុងទីតាំងវត្តទាំងយប់ទាំងថ្ងៃ ហើយចម្អិនម្ហូបអាហារតាមកន្លែងស្នាក់រៀងៗខ្លួន លើកលែងតែអ្នកមានកូនចៅតូចៗ ដែលពិបាកក្នុងការចម្អិនខ្លួនឯង ទើបទទួលទានអាហារវត្តដែលព្រះអង្គប្រាប់ឱ្យចុងភៅចម្អិនជាប្រចាំ។ ជាមួយគ្នានេះ ការសិក្សារបស់កុមារតូចៗ ក៏សំខាន់ដែរ ហេតុនេះ វត្តក៏រៀបចំសាលារៀន សម្រាប់ឱ្យកុមារតូចៗអាចចូលរៀនបានក្នុងអំឡុងពេលនេះ ខណៈក្នុងចំណោមពលរដ្ឋភៀសខ្លួនទាំងនោះមានកុមារប្រមាណ១ពាន់នាក់។ ដ្បិតបច្ចុប្បន្ន ការផ្គត់ផ្គងស្បៀងអាហារអាចធានាបានល្អ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក៏ព្រះគ្រូចៅអធិការនៅតែបន្តអំពាវនាវដល់អ្នកមានធនធានបន្តជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ទៀត ជាពិសេសគឺសម្ភារសិក្សា សម្រាប់ក្មេងៗដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនេះផ្ទាល់។

ទិដ្ឋភាពពលរដ្ឋដែលភៀសខ្លួនមកស្នាក់នៅក្នុងវត្ត
ទិដ្ឋភាពពលរដ្ឋដែលភៀសខ្លួនមកស្នាក់នៅក្នុងវត្ត

សូមរំឭកថា ចាប់តាំពីករណីផ្ទុះអាវុធដាក់គ្នានៅតំបន់មុំបី កាលពីព្រឹកថ្ងៃទី២៨ឧសភា បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត តាមព្រំដែនកម្ពុជា-ថៃ កាន់តែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ជំរុញឱ្យពលរដ្ឋរស់នៅក្បែរតំបន់មុំបីនេះ ភៀសខ្លួនមករកទីតាំងសុវត្ថិភាព។ «វត្តពោធិ៍៥០០០ដើម» បានប្រែក្លាយទៅជាទីតាំងសុវត្ថិភាពសម្រាប់ពលរដ្ឋមកស្នាក់នៅ។ មេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៣មិថុនា ក៏បានចុះសួរសុខទុក្ខពលរដ្ឋទាំង១២៨២គ្រួសារដោយផ្ទាល់នៅក្នុងវត្តនេះផងដែរ៕

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ ពលរដ្ឋទាំង១២៨២គ្រួសារដោយផ្ទាល់នៅទីតាំង«វត្តពោធិ៍៥០០០ដើម»។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត