
ក្រុងព្រះវិហារ៖ កម្លាំងចម្រុះប្រឆាំងបទល្មើសរត់ពន្ធកម្ពុជា ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលទំនិញគេចពន្ធ ដោយចាប់បានផ្លែដូងក្រអូបនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាជាង១៥០០គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥..។

ប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលទំនិញគេចពន្ធនេះ ធ្វើឡើងដោយមន្ត្រីគយខេត្តព្រះវិហារ សហការជាមួយភាគីពាក់ព័ន្ធ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៥មិថុនា នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងនោះឃាត់បាន រថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ក្រុងព្រះសីហនុ ២A-២២៤៣ ដឹកផ្លែដូងក្រអូប២៨៥០ផ្លែ ស្មើនឹងប្រមាណ១៥០០គីឡូក្រាម។ ទឹកដូងច្រកដបចំនួន ២៨០ដប ស្មើនឹងប្រមាណ៤២០លីត្រ និងសាច់ដូងចំនួន២៤គីឡូក្រាម។ អាជ្ញាធរអះអាងថា តាមការសួនាំស៊ើបអង្កេតលម្អិត ដូងក្រអូបទាំងនោះ ត្រូវបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាតាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើសគេចពន្ធទាំងស្រុង។

សូមជម្រាបថា ចាប់តាំងតែពីហេតុការណ៍ទាហានថៃលួចឆ្មក់ចូលបាញ់កងទ័ពកម្ពុជា ស្លាប់ម្នាក់ក្នុងតំបន់មុំ៣ កាលពីថ្ងៃទី២៨ឧសភា ឆ្នាំ២០២៥ ស្ថានការណ៍ព្រំដែនប្រទេសទាំងពីរកាន់តែឡើងកម្តៅ។ ជំរុញឱ្យការធ្វើពាណិជ្ជកម្មទ្វេភាគីរងផលប៉ះពាល់ ក្រោយថៃបានចាប់ផ្តើមបិទច្រកព្រំដែនគោកមួយចំនួនមុនដោយឯកតោភាគី។ កម្ពុជាក៏ឆ្លើយតបវិញដោយបិទមិនឱ្យមានការនាំបន្លែផ្លែឈើចូលទាំងស្រុងដូចគ្នា៕






